ខណៈពេលការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2018 កាន់តែខិតជិតចូលមកដល់នារយៈពេលតែជាងពីរខែទៀតប៉ុណ្ណោះ កីឡាករក្រុមជម្រើសជាតិនីមួយសុទ្ធតែបាន និងកំពុងហ្វឹកហាត់យ៉ាងសម្រាក់សម្រាំ គ្មានឈប់ឈរដើម្បីចូលលេងព្រឹត្តិការណ៍បាល់ទាត់ដ៏ធំអស្ចារ្យនេះ។
កីឡាករភាគច្រើននាំគ្នាហ្វឹកហាត់តាមក្លឹបអាជីពដែលពួកគេលេងអោយ តែមានកីឡាករខ្លះបែរជាទៅហាត់នៅក្លឹបធំៗនៅអឺរ៉ុបទៅវិញ ដូចជា ខ្សែប្រយុទ្ធរបស់ជម្រើសជាតិអារ៉ាប៊ីសាអ៊ូឌីត Mohammad Al Sahlawiបានទៅហ្វឹកហាត់នៅទឹកដីប្រទេសមហាអំណាចបាល់ទាត់គឺប្រទេសអង់គ្លេសដោយហាត់ជាមួយក្លឹប Manchester Unitedផ្ទាល់តែម្ដង។
នេះជាឱកាសមួយដ៏ល្អដើម្បីសម្រួចថ្វីជើងរបស់គេ អោយកាន់តែមុតស្រួច និង ខ្លាំងពូកែ ព្រោះក្លឹបយក្សបិសាចក្រហម
មួយនេះមានបទពិសោធន៍ខ្លាំងខាងបង្វឹកកីឡាករតែម្ដង។ Al Sahlawi និងត្រូវស្នាក់នៅប្រទេសអង់គ្លេសរយៈពេលបីសប្ដាហ៍ ដើម្បីទទួលការបណ្ដុះបណ្ដាលបន្ថែមអំពីបច្ចេកទេសលេងបាល់ពីសំណាក់គ្រូបង្វឹកនៅ Manchester United ជាពិសេសគឺលោក Jose Mourinho និងជួយផ្ដល់ដំបូន្មានបន្ថែមទៀត។
ខ្សែប្រយុទ្ធជម្រើសវ័យ ៣១ឆ្នាំរូបនេះរកគ្រាប់បាល់ជូនក្រុមជម្រើសជាតិបាន២៦គ្រាប់ក្នុងការបង្ហាញខ្លួន៣៣ប្រកួត ហើយជាខ្សែប្រយុទ្ធជួរមុខដ៏សំខាន់របស់អារ៉ាប៊ីសាអ៊ូឌីតនាការប្រកួត World Cup នាពេលខាងមុខ ៕
Dailymail