ក្លឹប​ជើង​ឯក Premier League ២០១៧ Chelsea បាន​សម្រេច​កិច្ចព្រមព្រៀង​មួយ​ជាមួយ​ Real Madrid ទិញ​យក​ខ្សែ​ប្រយុទ្ធ​ Alvaro Morata ហើយ។

កាល​ពី​ប៉ុន្មាន​ម៉ោង​មុន​នេះ​ Chelsea បាន​ឈាន​ដល់​ដំណាក់​កាល​ចុង​ក្រោយ​ចំណាយ​លុយ​ដល់​ទៅ​៨០​លាន​អឺរ៉ូ​(៧១​លាន​ផោន​)។ការ​ផ្ទេរ​នេះ​បាន​មក​ពី​ការ​ស្នើរសុំ ​របស់​លោក ​Conte ដែល​បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍ ​កីឡាករ​ជម្រើស​ជាតិ​អេស្ប៉ាញ ​តាំង​ពី​រដូវ​កាល​មុន​មក​ម្ល៉េះ។

ការ​មក​ដល់​របស់​ Morata នឹង​បញ្ចប់​ការ​ស្វែង​រក​ខ្សែ​ប្រយុទ្ធ​ថ្មី ​ក្រោយ​ពេល​បរាជ័យ​ក្នុង​​នាំ​យក​ Romelu Lukaku ដែល​ Man Utd ទិញ​មុន​បាត់​ទៅ​ហើយ​នោះ។ កាល​ពី​ថ្មី​ៗ​នេះ​​អតីត​កីឡាករ​របស់​ Juventus កំពុង​ស្ថិត​នៅ​ក្នុង​ទី​ក្រុង​ Los Angeles​ ធ្វើ​ការ​ហ្វឹក​ហាត់ ​និង​ប្រកួត​មុនបើក​រដូវកាល​ប៉ុន្តែ​ ពេល​នេះ​រូប​គេ​រៀប​ចំ​ធ្វើ​ដំណើរ​ទៅ​ទី​ក្រុង​ឡុងដុង ​ដើម្បី​បញ្ចប់​ការ​ផ្ទេរ​របស់​ខ្លួន​ទៅ​កាន់ ​​Stamford Bridge។

កិច្ច​ព្រមព្រៀង​នេះ​នឹង​ធ្វើ​ឲ្យ​កីឡាករ​វ័យ​២៤​ឆ្នាំ​ ក្លាយ​ជា​កីឡាករ​សញ្ចាតិ​អេស្ប៉ាញ​មាន​តម្លៃ​ខ្លួន​ថ្លៃ​​ជាង​គេ​បំផុត​ក្នុង​ប្រវត្តិសាស្រ្ត ​គឺ​លើស​តម្លៃ​ខ្លួន​របស់ ​Fernando Torres ដែល Chelsea ចំណាយ​លុយ​៥០​លាន​ផោន​ទិញ​ពី Liverpool កាល​ពី​ឆ្នាំ ២០១១។

Morata ទៅ​លេង​នៅ ​Chelsea លើក​នេះ​គឺ​នឹង​មក​ជំនួស​ Costa ដែលបាន​ចាក​ចេញ​ហើយ​ក្លឹប​អង់គ្លេស​មួយ​នេះ​ នឹង​មាន​កីឡាករ​សញ្ចាតិ​អេស្ប៉ាញ​៥​នាក់​ហើយ៕