ត្រឹម​វ័យ​២៩​ឆ្នាំ​, Angel di Maria កំពុង​មាន​គម្រោង​នឹង​បញ្ចប់​អាជីព​បាល់​ទាត់​របស់​ខ្លួន​ ដោយ​បង្ហាញ​ពី​ក្លឹប​មួយ​ដែល​លោក​នឹង​ដោះ​ស្បែក​ជើង​ព្យួរ​ចោល​នៅ​ទី​នោះ។

អតីត​ខ្សែ​ប្រយុទ្ធ​ស្លាប Real Madrid និង​Manchester United ដែល​ចំណាយ​ពេល​ក្នុង​អាជីព​បាល់​ទាត់​ភាគ​ច្រើន​នៅ​អឺរ៉ុប​នឹង​ត្រឡប់​ទៅ​កាន់​ទឹក​ដី​កំណើត​របស់​ខ្លួន​វិញ ​ហើយ​ដោះ​ស្បែកជើង​បាល់​ទាត់​ទុក​នៅ​ទី​នោះ។

គំនិត​របស់​ខ្ញុំ​គឺ​ចូលនិវត្តន៍​នៅ​ Rosario Central”​កីឡាករ​បាន​និយាយ​ក្នុង​បទ​សម្ភាសន៍​មួយ​របស់​វិទ្យុ Fox Sport Radio។ កីឡាករ​របស់ ​PSG រូប​នេះ​ចង់​បញ្ចប់​អាជីព​បាល់​ទាត់​ជាមួយ​ក្លឹប​ ដែល​រូប​គេ​ធ្លាប់​លេង​កាល​វ័យ​ក្រោម​១៨​ឆ្នាំ។​ ខ្សែ​ប្រយុទ្ធ​ស្លាប​របស់​អាហ្សង់ទីន​បាន​បង្ហាញ​ខ្លួន​ឲ្យ​ Rosario ៣៩​ប្រកួត​​រក​បាន​៦​គ្រាប់​មុន​ពេល​ Benfica នាំ​យក​មក​លេង​នៅ​អឺរ៉ុប​។

Real Madrid, Manchester United និង​ Paris saint-Germain សុទ្ធ​តែ​ជា​ក្លឹប​ដែល​រូប​គេ​បាន​លេង​​ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​កីឡាករ​នៅ​តែ​អាច​ស៊ីញេ​កុង​ត្រា​អាជីព​ជាមួយ​ក្លឹប​បាល់​ទាត់​ជា​ច្រើន​ទៀត​ មុន​ពេល​ត្រឡប់​ទៅ​អាហ្សង់ទីន​វិញ​ ដែល​ជា​កន្លែង​ក្លឹប​ Rosario Central បើក​ទ្វារ​រង់ចាំ​ដោយ​ម្រាម​១០៕