ខ្សែប្រយុទ្ធ Luis Suarez និយាយថារូបគេមានភាពចាស់ទុំជាងមុនច្រើន នៅមុនព្រឹត្តិការណ៍ FIFA World Cup 2018 ចូលមកដល់ ខណៈអំឡុងព្រឹត្តិការណ៍ FIFA World Cup ២លើកមុន កីឡាករវ័យ៣១ឆ្នាំរូបនេះបានបង្កភាពចម្រូងចម្រាសជាច្រើន។
នៅ World Cup 2010 អតីតយុវជនក្លិប Nacional រូបនេះបានយកដៃទៅរាំងបាល់នៅខ្សែបន្ទាត់ទីដោយចេតនាដើម្បីបញ្ឈប់ហ្គាណាពីការឈ្នះអ៊ុយរុយហ្គាយក្នុងវគ្គ៨ក្រុមចុងក្រោយ។ ៤ឆ្នាំបន្ទាប់ គឺ World Cup 2014 Suarez រងបម្រាម៤ខែពីបាល់ទាត់និងមិនឱ្យលេងឱ្យជម្រើសជាតិ៩ប្រកួត ដោយសារខាំខ្សែការពារ Giorgio Chiellini អំឡុងការប្រកួតក្នុងពូលទល់នឹង អ៊ីតាលី។
អតីតសមាជិក Groningen មុនផ្លាស់ទៅ Ajax និង Liverpool និយាយថា៖ “កីឡាករណាក៏ដោយសុទ្ធតែស្រមៃចង់លេងនិងឈ្នះ World Cup។ ពេលនេះអ្វីដែលបានកើតឡើងនៅអាហ្វ្រិកខាងត្បូងឆ្នាំ២០១០និងប្រេស៊ីលឆ្នាំ២០១៤គឺជាអតីតកាល។ ខ្ញុំមានក្ដីរំពឹងផ្សេង, ខ្ញុំចាស់ទុំច្រើន។ ទោះបីផ្លាស់ប្ដូររឿងមួយចំនួន ប៉ុន្តែរបៀបលេងរបស់ខ្ញុំនឹងនៅដដែល ព្រោះនោះជារបៀបដែលខ្ញុំរស់នៅក្នុងបាល់ទាត់”។
សូមបញ្ជាក់ថា អ៊ុយរុយហ្គាយ ស្ថិតក្នុងពូល A ជាមួយម្ចាស់ផ្ទះ រុស្ស៊ី, អេហ្ស៊ីប និង អារ៉ាប៊ីសាអ៊ូឌីត។