អ្នកចាត់ការក្រុម Real Madrid លោក Zinedine Zidane យល់ថាការប៉ះ Liverpool នៅផ្តាច់ព្រ័ត្រ UEFA Champions League គឺជាប្រកួតដ៏តានតឹង ជាពិសេសគឺក្រុមហង្សក្រហម មានចំណុចខ្លាំងបំផុត ដែលអាចនឹងធ្វើឲ្យក្រុមស្តេចសជួបបញ្ហា ដោយសារមានខ្សែប្រយុទ្ធទាំង៣នាក់នៅខាងលើ សុទ្ធតែល្អៗដូចជា Sadio Mane, Roberto Firmino និង Mohamed Salah ជាដើម។
បុរសសញ្ជាតិបារាំងបានបន្ថែមទៀតថា៖ “វាប្រហែលជាប្រកួតផ្តាច់ព្រ័ត្រដ៏តានតឹងបំផុត ដែលយើងមិនធ្លាប់ជួប។ យើងច្បាស់ក្នុងចិត្តណាស់ថា Liverpool មិនអន់ជាងក្រុមដែលយើងធ្លាប់ជួបនៅវគ្គផ្តាច់ព្រ័ត្រមុនៗនោះទេ។ ពួកគេលេងបានល្អ និងបានទម្លាក់ក្រុមកំពូលៗជាច្រើន។ ពួកគេជាក្រុមអង់គ្លេស ដូច្នេះគ្មានថ្ងៃពួកគេបោះបង់ ឬចុះចាញ់ងាយៗនោះទេ។ ពួកគេមានបច្ចេកទេសល្អ កីឡាករភាគច្រើនសុទ្ធតែល្បឿនលឿន និងមានកីឡាករអស្ចារ្យៗច្រើន”។
“ពួកគេមានអ្វីគ្រប់យ៉ាង ប៉ុន្តែបើឲ្យយើងផ្តោតសំខាន់លើរឿងតែម្យ៉ាងនោះ គឺចំណុចខ្លាំងបំផុតរបស់ពួកគេគឺ ខ្សែប្រយុទ្ធលើខាងទាំង៣ (Mane, Firmino, Salah)។ ពួកគេជាកីឡាករ៣នាក់ខុសៗគ្នា ប៉ុន្តែពួកគេលេងសហការគ្នាបានយ៉ាងល្អបំផុត ពេញមួយរដូវកាលនេះ និងស៊ុតបញ្ចូលទីបានយ៉ាងច្រើន”។ អ្នកចាត់ការវ័យ៤៥ឆ្នាំបានបន្ថែម។
គួរបញ្ជាក់ថា ការប្រកួត UEFA Champion League វគ្គផ្តាច់ព្រ័តដែលជាការជួបគ្នារវាងក្រុមការពារតំណែងជើងឯក Real Madrid និងក្រុមហង្សក្រហម Liverpool នឹងមានផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍ CBS (CTN, CNC & MYTV) ផងដែរ។