អនាគតរបស់ Thomas Muller នៅ Bayern Munich មិនមានផលប៉ះពាល់នោះទេ ទោះបីជាក្លឹបបានចុះកុងត្រា James Rodriguez ក៏ដោយ។ នេះជាសម្ដីរបស់គ្រូបង្វឹកលោក Carlo Ancelotti ។
បន្ទាប់ពីកៅអីជម្រើសដំបូងរបស់ខ្លួនបានកំណត់នៅ Real Madrid ជាមួយនឹងការចង់បង្ហាញខ្លួននៅ World Cup វគ្គផ្ដាច់ព្រ័ត្រក្នុងឆ្នាំក្រោយ កីឡាករជម្រើសជាតិកូឡុំប៊ី បានមកចុះកុងត្រា២ឆ្នាំក្នុងលក្ខខណ្ឌខ្ចីជើង មកកាន់ក្លឹបយក្សអាល្លឺម៉ង់កាលពីដើមខែនេះ។ ការមកដល់របស់ខ្សែបម្រើអាចលេងតំបន់ប្រយុទ្ធបានរូបនេះ នឹងធ្វើឲ្យក្រុមរបស់របស់ Ancelotti កាន់តែមានគុណភាព ក្នុងកីឡដ្ឋាន Allianz Arena។ កីឡាករម្នាក់ដែលអាចប្រឈមនឹងបាត់បង់កៅអីនៅទីនេះគឺ Muller ប៉ុន្តែគ្រូបង្វឹកបាននិយាយហើយថា មិនមានផលប៉ះពាល់នោះទេ។
“ ពិតណាស់យើងមិនទិញ James មកដើម្បីជំនួសកន្លែង Thomas Muller នោះទេ។ បើអ្នកគិតរបៀបនេះ អ្នកអាចគិតថា គាត់នឹងជំនួស Thiago ដោយសារតែគាត់អាចលេងនៅតំបន់បម្រើកណ្ដាល។ គាត់ (James) អាចលេងឆ្វេងស្ដាំជំនួស [Arjen] Robben ឬក៏ [Franck] Ribery ” អតីតគ្រូបង្វឹក Real Madrid និយាយក្នុងសន្និសីទកាសែតមួយ។
“ ពេលខ្លះខ្ញុំដាក់គាត់ជាខ្សែបម្រើ ដូច្នេះគាត់អាចជំនួស Corentin Tolisso និង Arturo Vidal។យើងមិនទិញ James មកទុកជំនួសនរណាឡើយ គឺយើងទិញJames មកបន្ថែមក្នុងក្រុម។ គាត់ជាកីឡាករល្អ ខ្ញុំដឹងពីគុណភាព និងបុគ្គលិកលក្ខណៈរបស់គាត់ ។ខ្ញុំគិតថាគាត់អាចជួយយើង។ James ដឹងថាបើគាត់មិនចង់លេងទេ គាត់ក៏មិនលេងដែរ គឺគាត់អាចអង្គុយកៅអីបម្រុងដូចកីឡាករដទៃទៀតដែរ។”លោកបានបន្ត។
“យើងមានការប្រកួតប្រជែងដ៏ច្រើន ហើយនេះជាផលល្អសម្រាប់ក្រុម គាត់មិនធានានឹងបានលេងទេ។ ប្រសិនបើគាត់ចង់លេង គាត់នឹងលេង ប្រសិនបើអត់ទេ គាត់នឹងអង្គុយកៅអីបម្រុង”៕
ប្រភព៖ squawka