សហព័ន្ធបាល់ទាត់នៃប្រទេសក្រិក បានសម្រេចធ្វើការដាក់ពិន័យទៅលើបុរសសញ្ជាតិរុស្សីម្នាក់ ដែលជាម្ចាស់ក្លឹប PAOK ដោយហាមមិនអោយជាន់ទីលានបាល់ទាត់រយៈពេល៣ឆ្នាំ ក្រោយពីមានហេតុការណ៍ដ៏ភ្ញាក់ផ្អើលកាលពីប៉ុន្មានសប្ដាហ៍មុន ដែលបុរសរូបនោះបានសៀតកាំភ្លើងខ្លីដើរចូលក្នុងទីលាន ដើម្បីធ្វើការតវ៉ាជាមួយអាជ្ញាកណ្ដាលរឿងគ្រាប់បាល់ offside ចុងម៉ោង។

លោក Ivan Savvidis​ ប្រធានក្លឹប PAOK នឹងមិនអាចធ្វើសកម្មភាពទាក់ទងនិងបាល់ទាត់ក្នុងរយៈពេល៣ឆ្នាំដោយសារតែកំហុសមួយនេះ ហើយក្លឹបរបស់គាត់ ត្រូវបានសហព័ន្ធដកពិន្ទុចំនួន៣ពិន្ទុ ចេញពីតារាង និងត្រូវគេពិន័យជា
ទឹកប្រាក់មួយចំនួនថែមទៀតផង។

រំលឹកបន្ដិចពីហេតុការណ៍នាពេលនោះ គឺក្រុម AEK Athen បានស៊ុតចូលទី១គ្រាប់ចុងម៉ោង ដែលជាគ្រាប់តាមស្មើ ប៉ុន្ដែ
មានការតវ៉ាថា វាជាគ្រាប់បាល់ក្រៅល្បែង មិនគួរអោយនោះទេ ពេលនោះលោក Ivan ដែលជាម្ចាស់ក្លឹប PAOK ផ្ទាល់បានដើរចូលមកតវ៉ាជាមួយអាជ្ញាកណ្ដាល ហើយស្រែកគម្រាមថា អាជីពរបស់អ្នកឯង(អាជ្ញាកណ្ដាល) ត្រូវបានបញ្ចប់ហើយ! ។

ទោះជាយ៉ាងណាក៏ដោយ កាំភ្លើងសៀតនៅចង្កេះមិនត្រូវបានដកចេញមកទេ ហើយលោក Ivan ក៏ត្រូវអង្គរក្ស​ទាញចេញ
មកខាងក្រៅវិញ ដោយមិនមានការបង្កគ្រោះថ្នាក់អ្វីនោះឡើយ៕

 

The Sun