ខ្សែ​បម្រើ​វ័យ​ក្មេង​របស់​ Real Madrid កីឡាករ​ Marcos Llorente ​បាន​ផ្ចុងផ្ដើម​មិត្ត​រួម​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​ឈុត ​U21  Dani Ceballos ឲ្យ​ប្ដូរ​ទៅ​លេង​នៅ​កីឡដ្ឋាន Santiago Bernabeu ។

Ceballos ជា​កីឡាករ​របស់ ​Real Betis  បាន​ក្លាយ​ជា​កីឡាករ​ល្អ​ជាង​គេ​បំផុត​ប្រចាំ​ព្រឹត្តិការណ៍​ U21 European Championship ហើយ ​Llorente ជឿ​ថា​ខ្សែ​បម្រើ​រូប​នេះ​នឹង​អស្ចារ្យ​សម្រាប់​ Real Madrid។ ​Marcos Llorente នឹង​ត្រឡប់​មក​លេង​នៅ ​Real Madrid វិញ ​ក្រោយ​ចំណាយ​ពេល​លេង​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​នៅ​Alaves​បាន​និយាយ​ក្នុង​កាសែត ​MARCA ថា៖” បាទ! រឿង​កំប្លែង​ទាំង​នេះ​តែង​តែ​រីកសាយ​។ Dani បាន​បង្ហាញ​ថ្វី​ជើង​ល្អ​គ្រប់​គ្រាន់​ហើយ​ និង​សមត្ថភាព​ក្នុង​ព្រឹត្តិការណ៍​ European Championship ។ ខ្ញុំ​នឹង​ប្រាប់​គាត់​ឲ្យ​មក​ទីនេះ​ដោយ​សារ​តែ​ខ្ញុំ​ចង់​ឲ្យ ​Madrid មាន​កីឡាករ​ល្អ​ៗ​ហើយ​គាត់​ជា​កីឡាករ​ល្អ​ស្រាប់​ហើយ។”

Ceballos​បាន​មក​ចូល​រួម​ជាមួយ​  Betis  តាំង​តែ​ពី​វ័យ​ក្មេង​ហើយ​រូប​គេ ​បាន​ក្លាយ​ជា​កីឡាករ​សំខាន់​ម្នាក់​របស់​ក្លឹប ​ក្នុង​ឈុត​ជម្រើស​ដំបូង។ បើ​និយាយ​ពី​ការ​គ្រប់​គ្រង់​សាច់​បាល់​  Ceballos​ទទួល​ជោគជ័យ​៨១​% ​ក្នុង​ការ​បញ្ជូន​បាល់​ ទៅ​មិត្ត​រួម​ក្រុម​ក្នុង​ La liga កាល​ពី​រដូវ​កាល​មុន​ ខណៈ​ពេល​បង្កើត​ឱកាស​៣៨​ដង​ច្រើន​ជាង​គេ​លំដាប់​ទី​២​ក្នុង​ក្រុម​កីឡាករ​របស់​ Betis ។

ត្រឹម​វ័យ​២០​ឆ្នាំ​ខ្សែ​បម្រើ​មាន​ពេល​ច្រើន​ក្នុង​ការ​អភិវឌ្ឍន៍ ​សមត្ថភាព​ឲ្យ​ល្អ​ជាង​នេះ​ ហើយ​គេ​អាច​នឹង​បន្ត​នៅ​ទី​នេះ​ទៀត​ ក្រោយ​កុង​ត្រា​អស់​សុពលភាព​ដល់​ឆ្នាំ​២០២០​ហើយ​កាល​ពី​រដូវ​កាល​មុន Betis ឈរ​លេខ​១៥​ក្នុង​តារាង​មាន​៣៩​ពិន្ទុ​ក្នុង​ការ​ប្រកួត​៣៨​ប្រកួត៕