ក្រុមចាយលុយធំបារាំង Paris Saint-Germain បាន​​ដាក់​សំណើ​ប្រាក់បៀវត្សរ៍​ទៅ​កាន់​​ Gianluigi Buffon ដើម្បី​ឲ្យ​រូប​គេ​ផ្ទេរ​មក​កាន់​ទឹក​ដី​ទីក្រុង​ប៉ារីស ពេល​ដែល​ចាកចេញ​ពី Juventus។

កាលពីម្សិលមិញ Buffon បានចូលលេងជាមួយ​ Juventus​ ក្នុងថ្ងៃចុងក្រោយពេលប៉ះ​ជាមួយ Hellas Verona ក្រោយ​ចំណាយ​ពេល​១៧​ឆ្នាំ​នៅ​ទី​ទីក្រុង Turin។ PSG បាន​បោះ​មួយ​ជំហាន ក្នុង​ការ​នាំ​ឲ្យ​កីឡាករ​វ័យ​៤០​នេះ​មក​កាន់  Ligue 1 ដោយ​ផ្ដល់​​​ថ្លៃ​នឿយហត់​​៨​លាន​អឺរ៉ូ​ក្នុង​មួយ​ឆ្នាំ ដោយតម្លៃ​នេះ​ច្រើន​ជាង​​ថ្លៃ​ឈ្នួល​របស់ Buffon គុណនឹង​២​នៅ Juvenus។

គួររំលឹកថា អ្នកចាប់បាល់វ័យ៤០ឆ្នាំបានផ្លាស់ប្ដូរគំនិតនៃការចូលនិវត្តន៍កាល១៥ថ្ងៃមុន ហើយបានទទួលសំណើការងារនៅក្រៅទីលាន។ សមាជិក World Cup អ៊ីតាលី ២០០៦ ប្រាប់ថា សប្ដាហ៍ក្រោយគេនឹងបញ្ជាក់ពីសេចក្ដីសម្រេចចិត្ត ពោលគឺ២ទៅ៣ថ្ងៃ បន្ទាប់ពីលើកពានលីគកំពូលជាមួយក្រុមរហស្សនាមសេះបង្កង់។
ក្រោយ​បង្ហាញ​ខ្លួន​ជាង​១ពាន់​ប្រកួតជាមួយក្រុមរហស្សនាមសេះបង្កង់ ​កីឡាករ​វ័យ​៤០​ឆ្នាំ​នឹងលេង​ប្រកួត​ចុងក្រោយ​នៅ​ក្របខ័ណ្ឌ​កំពូល​អ៊ីតាលី បន្ទាប់ពីជួយ​ Juventus លើក​ពាន​ Serie A ៧​រដូវ​កាល​ជាប់​គ្នា​ និង​ឈ្នះ​ពាន​ Coppa Italia ៤​រដូវ​កាល​ចុង​ក្រោយ​។