ក្រុម ​Real​ Madrid​បាន​បង្ហាញ​ភាព​ខ្លាំង​របស់​ខ្លួន​ក្នុង​ការ​ប្រកួត​ Champion Leagu e​កាល​ពី​យប់​មិញ ​បន្ទាប់​ពី​បាន​វាយ​បក​យក​ឈ្នះ​ក្រុម​អ្នក​មាន​បារាំង ​PSG​ បន្ទាប់​ពី​ត្រូវ​គេ​នាំ​មុខ​១​គ្រាប់​មុន​ រហូត​ស៊ុត​៣​គ្រាប់​យក​ជ័យ​ជម្នះ​ត្រឡប់​មកវិញ។

ពួក​គេ​បាន​បង្ហាញ​ថា​ ពួកគេ​មិន​ងាយ​និង​ត្រូវ​ក្រុម​ដទៃ​ទម្លាក់​ចេញ​ពី​ការ​ប្រកួត​ប្រជែង​ដណ្ដើម​ពាន​ដ៏​ធំ​ជាង​គេ​របស់​ទ្វីប​អឺរ៉ុប​នេះ​ទេ​ ហើយ​គូ​ប្រជែង​របស់​គេ​និង​ត្រូវ​ត្រលប់​ទៅ​ផ្ទះ​វិញ​។​ ក្រុម​ស្ដេច​ស​ជា​ក្រុម​ដែល​បាន​ឈ្នះ​ពាន​នេះ​ច្រើន​ជាង​គេ​រហូត​ ដល់​១២​ដង ​ហើយ​ក្នុង​នោះ​ពាន​ចំនួន​៦​ត្រូវ​បាន​ឈ្នះ​តាំង​ពី​មុន​ពេល​ដែល​​ក្រុម​ PSG​ត្រូវ​បាន​បង្កើត​ឡើង​ទៅ​ទៀត។​

ទោះ​បី​ជា​រដូវ​កាល​នេះ​ ក្រុម​របស់​លោក ​Zidane​ ហាក់​ដូច​ជា​ចុះ​ខ្សោយ​ជា​ខ្លាំង​ ដោយ​បាន​ធ្លាក់​ចេញ​ពី​ពាន​ Copa del Rey ហើយ​ក្នុង​លីគ ​La Liga ​កំពុង​តែ​ស្ថិត​នៅ​លេខ​រៀង​ទី​៤​ប្រឈម​និង​ការ​ធ្លាក់​ទៅ​លេង ​Europa​ League​នៅ​រដូវ​កាល​ក្រោយ​ ប៉ុន្តែ​ពួក​គេ​នៅ​តែ​អាច​ធ្វើ​បាន​យ៉ាង​ល្អ ​ក្នុង​ពាន​ Champion​ League​ដែល​ជា​ពាន​ប្រចាំ​ត្រកូល​របស់​ពួក​គេ ​បន្ទាប់​ពី​ជ័យជម្នះ​ដ៏​ធំ​កាល​ពី​យប់មិញ​លើ​ក្រុម​PSG​ដែល​សំបូរ​ទៅ​ដោយ​កីឡាករ​ល្អ​ៗ​ជា​ច្រើន​ ដូច​ជា ​Neymar​ និង​ Mbappe​ ដែល​ធ្វើ​ឲ្យ​ក្ដី​សង្ឃឹម​លើក​ពាន ​UCL​ជា​លើក​ទី​១៣​នៅ​តែ​បន្ត​មាន​។

គ្រូ​បង្វឹក​ក្រុម ​PSG​លោក​ Unai Emery ​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា​៖” ពួក​យើង​ត្រូវ​តែ​មាន​សុទិដ្ឋិនិយម​
ក្នុង​ការ​ប្រកួត​ជើង​ទី​២​ ហើយ​ត្រូវ​លេង​ឲ្យ​បាន​ល្អ​ដូច​ថ្ងៃ​នេះ​ ព្រោះ​ពួក​យើង​បាន​បង្កើត​ឳកាស​ជា​ច្រើន​ដង​។” ចំណែក​ប្រធាន​ក្រុម​ Sergio Ramos ​បាន​និយាយ​ថា​ អ្នក​មិន​អាច​គិត​ថា​ក្រុម​ Real Madrid​បាន​ស្លាប់​ទៅ​ហើយ​នោះ​ទេ។​


តាម​រយៈ​បទពិសោធន៍​ដែល​គេ​បាន​ឃើញ​ជា​ច្រើន​ដង​រួច​មក​ហើយ​គេ​ជឿ​ថា​ ក្រុម​ PSG​មាន​ភាព​ផុយស្រួយ​ ហើយ​តែង​
ប្រឈម​ទៅ​និង​ការ​ជ្រុះ​ចេញ​ជា​រឿយៗ​ ចំណែក​ Real​ Madrid ពួកគេ​បាន​សម្លឹង​ឃើញ​កៅអី​វគ្គ​៨​ក្រុម​ចុងក្រោយ​រួច​បាត់​ទៅ​ហើយ៕

ប្រភព : Goal.com

អត្ថបទ៖ ម៉េងគា