អតីត​ប្រធាន​ក្រុម ​Manchester United កីឡាករ​  Wayne Rooney ជឿ​ថា​តារា ​Super Star របស់​ក្លឹប​មាន​ខ្នាយមាស​ Tottenham កីឡាករ​ Harry Kane គួរ​តែ​ចេញ​ពី​ហើយ​បើ​ក្លឹប​មិន​អាច​ឈ្នះ​ពាន​ទេ​នោះ។

Kane មាន​ទំនាក់ទំនង​ផ្ទេរ​ទៅ ​ Real Madrid ក្រោយ​រូប​អភិវឌ្ឍន៍​ខ្លួន​ក្លាយ​ជា​ខ្សែ​ប្រយុទ្ធ​កណ្ដាល​ល្អ​បំផុត​ម្នាក់​ នៅ​អឺរ៉ុប​ដោយ​បាន​ឈ្នះ​ស្បែកជើង​មាស ​Premier League ម្ដង​ហើយ​ម្ដង​ទៀត។ ក្នុង​រដូវ​កាល​នេះ​រូប​គេ​រក​បាន​២២​គ្រាប់​ ក្រោយ​ស៊ុត​បញ្ចូល​ទី​បង្គ្រប់​កិច្ច​១០០​គ្រាប់​ក្នុង​ការ​ប្រកួត​ជាមួយ ​Liverpool ដែល​ស្មើ​គ្នា​២-២។

មាន់​ខ្នាយ​មាស​កំពុង​ឈរ​លេខ​៥​ក្នុង​តារាង​ដែល​ជា​ចំណុច​មួយ​មិន​អាច​លេង​ Champions League រដូវ​កាល​ក្រោយ​ខណៈ​រដូវ​កាល​មុន​បញ្ចប់​ដំណែង​លេខ​២​ប៉ុន្តែ​យ៉ាងណា​Rooney ដែល​ជា​សិស្សច្បង​មាន​ព្រមាន​ថា​ Kane ត្រូវ​ការ​លើក​ទឹក​ចិត្ត​ដោយ​ការ​ឈ្នះ​ពាន​ពី​ទម្រង់​លេង​ពូកែ​រក​គ្រាប់​បាល់​របស់​ខ្លួន។

ឥឡូវ​នេះ​គាត់​ជា​ខ្សែ​ប្រយុទ្ធ​ល្អ​បំផុត​ក្នុង​តំបន់​អឺរ៉ុប​ គាត់​ចង់​ទៅ​ណា​ក៏​បាន​ស្រេច​តែ​គាត់​។ គាត់​ល្អ​ណាស់។ គាត់​ដូច​ជា​ Alan Shearer កាល​ពី​នៅ​ក្មេង​អញ្ចឹង​ គាត់​រក​បាន​គ្រាប់​បាល់​ គ្រប់​ៗ​សណ្ឋាន​” កីឡាករ​វ័យ​ចាស់​និយាយ​ក្នុង​ទូរទស្សន៍​Sky Sport។

“ បញ្ហា​ដែល​ Tottenham កំពុង​មាន​គឺ​ការ​ការ​ជំរុញ​ទឹក​ចិត្ត​ ក្នុង​ការ​រក​គ្រាប់​បាល់​បាន​ច្រើន​ ប៉ុន្តែ​រូប​គេ​ត្រូវ​តែ​ប្ដូរ​ពី​ការ​ជំរុញ​ទឹក​ចិត្ត​ពី​គ្រាប់​បាល់​ មក​ជា​ការ​លើក​ពាន​វិញ។ ហើយ​បើ​ Spurs មិន​ឈ្នះ​ពាន​នៅ​រដូវ​កាល​ក្រោយ​ទេ ឬ​ក៏​២​ឆ្នាំ​ទៀត​ គាត់​នឹង​ចង់​ប្ដូរ​រក​កន្លែង​ដែល​គាត់​អាច​ឈ្នះ​ពាន”។

“ នោះ​គឺ​ជា​ការ​សម្រេច​ចិត្ត​ដែល​ត្រូវ​តែ​ធ្វើ​សម្រាប់​២​ឆ្នាំ​ទៅ​មុខ​ទៀត​ ប៉ុន្តែ Spurs ក៏​ត្រូវ​សម្រេច​ចិត្ត​ដែរ ​គឺ​នាំ​ចូល​កីឡាករ​ឲ្យ​បាន​ច្រើន​ ល្អ​ៗ ​ហើយ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឈ្នះ​ពាន​ Premier League។ រក​គ្រាប់​បាល់​បាន​ច្រើន​វា​អស្ចារ្យ​ហើយ ​​ហើយ​ពួក​គេ​នឹង​នាំ​អ្នក​ឆ្ពោះទៅ​រក​កម្រិត​ជាក់លាក់​មួយ​ ប៉ុន្តែ​កីឡាករ​កំពូល​ៗ​ត្រូវ​ចង​ចាំ​ថា​ ពាន​ដែល​អ្នក​ឈ្នះ​នឹង​នាំ​អ្នក​ទៅ​កាន់​កម្រិត​មួយ​ផ្សេង​ទៀត​”

 

“ ខ្ញុំ​គិត​ថា​ប្រសិន​បើ ​Harry Kane នៅ​ក្នុង​ក្រុម​ Man City ហើយ​នឹង​ឈ្នះ​ពាន ​Premier League រដូវ​កាល​នេះ​ មនុស្ស​នឹង​និយាយ​ពី ​Cristiano Ronaldo, Lionel Messi និង ​Harry Kane”