លោក Jose Mourinho បាន​ជាប់​ទាក់ទង​ទៅ​នឹង​ការ​ប្រឈម​មុខ​ដាក់​គ្នា​ជាមួយ​កីឡាករ​ Manchester City បន្ទាប់ពី​លោក​បាន​ត្អូញត្អែរ​ថា​ការ​អបអរ​ហ៊ោកញ្ជ្រៀវ​របស់​ក្រុម​​កីឡាករ​ Man City គួរ​ឲ្យ​ធុញ​ និង​រំខាន​ពេល​ការ​ប្រកួត​ចប់។

តាម​ប្រភព​ Daily Mail និង ​Daily Telegraph បាន​និយាយ​ថា​ Mourinho បាន​ដើរ​ទៅ​បន្ទប់​ផ្លាស់​សម្លៀក​បំពាក់​របស់ ​Man City ក្រោយ​ការ​ប្រកួត​ចប់​ដែល​បិសាច​ក្រហម​ចាញ់​មេឃខៀវ​១​ទល់​២​នៅ ​Old Trafford ពី​ព្រោះ​គាត់​ធុញ​ទ្រាន់​ និង​សំឡេង​ហ៊ោកញ្ជ្រៀវ​ដោយ​គ្មាន​ការ​គោរព​កោត​ខ្លាច​អី​បន្តិច​សោះ។

កាសែត​ខាង​លើ​បាន​បន្ត​ថា ​Mourinho មាន​ជម្លោះ​ពាក្យ​សម្ដី ​ជាមួយ​នឹង​អ្នក​ចាំ​ទីរបស់ ​​Man City កីឡាករ Ederson មុន​ពេល​មាន​ទឹក ​និង​ទឹក​ដោះ​គោ​មក​លើ​គាត់​ដោយ​ក្រុម​កីឡាករ ​Man City ។ ពួក​គេ​គប់​ត្រូវ​ក្បាល​របស់​គាត់​ជាមួយ​នឹង​ដប​ទឹក​ប្លាស្ទិក។

បន្ទាប់​មក​សន្តិសុខ​ក្នុង​កីឡដ្ឋាន​ Old Trafford បាន​មក​បំបែក​​មនុស្ស​ជាង​២០​នាក់​កំពុង​ប្រវាយប្រតប់​គ្នា​មក​ពី​កីឡាករ ​និង​បុគ្គលិក​ក្លឹប​ទាំង​ពីរ។ របាយការណ៍​ថា ​ហេតុការណ៍​បាន​កើត​ឡើង​ជិត​ច្រក​ផ្លូវ​ចូល​បន្ទប់​ផ្លាស់​សំលៀកបំពាក់​នៅ ​Old Trafford។

ជ័យជម្នះ​របស់​ City បាន​ធ្វើ​ឲ្យ​ពួក​គេ​ឈរ​កំពូល​តា​រាង​លើស​ក្រុម​លេខ​២​ Man United ១១​ពិន្ទុ​ ធ្វើ​ពួក​គេ​កំពុង​ខិត​ជិត​ទៅ​រក​ការ​លើក​ពាន។ របាយការណ៍​​បាន​បន្ត​ថា​ ហេតុការណ៍​កើត​ឡើង​របស់​លោក Jose Mourinho ស្រដៀង​ទៅ​នឹង​សង្គ្រាម​សាច​ជ្រូក​កាល​ពី​ឆ្នាំ ២០០៤​ដែល​កាល​នោះ​ Man Utd ឈ្នះ ​Arsenal ក្នុង​ខែ​តុលា​។​រឿង​គឺ​ខ្សែ​បម្រើ ​Arsenal កីឡាករ Cesc Farbregas គប់​ភីសហ្សា​ទៅ​លើ​លោក​ Sir Alex Ferguson៕