ខ្សែ​បម្រើ​ជម្រើស​ជាតិ​អ៊ីតាលីនិង​ក្រុម​ PSG​ កីឡាករ ​Marco Verratti បាន​បញ្ជាក់​ថា ​សូម្បី​តែ​ Messi ក៏​ពិបាក​បង្ហាញ​ទម្រង់​លេង​ឲ្យ​ល្អ​ដូច​ទម្រង់​លេង ​​Isco បាន​បង្ហាញ​ក្នុង​ជំនួប​ជាមួយ​ជម្រើស​ជាតិ​អ៊ីតាលី ​ដែល​អេស្ប៉ាញ​បាន​យក​ឈ្នះ​ក្នុង​លទ្ធផល​២​ទល់​០​នៃ​វគ្គ​ជម្រុះ​ World Cup។

ខ្សែ​បម្រើ ​Real Madrid រូប​នេះ​បាន​បង្ហាញ​ថ្វី​ជើង​យ៉ាង​ល្អ​នៅ​​នឹង​មុខ​អ្នក​គាំទ្រ​របស់​ខ្លួន ​ក្នុង​កីឡដ្ឋាន​ Bernabeu ​ដោយ​រក​បាន​២​គ្រាប់​ក្នុង​វគ្គ​ទី​មួយ​១​ មុន​ពេល​Alvaro Morata រក​បាន​គ្រាប់​បាល់​ទី​៣​ឲ្យ​ក្រុម​របស់​លោក Julen Lopetegui។ ខ្សែ​បម្រើ ​PSG កីឡាករ​  Verratti ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ខ្សែ​បម្រើ​ល្អ​បំផុត​មួយ​រូប​ក្នុង​តំបន់​អឺរ៉ុប​ បាន​និយាយ​សរសើរ ទៅ​លើ ​Isco បន្ទាប់​ពី​ការ​ប្រកួត​ហើយ​​ពិសេស​ក្នុង​ការប្រកួត​នេះ ​Isco​ញាក់​បាល់​ស៊ី​ប្រឡោះ​ជើង​គាត់​ក្នុង​វគ្គ​ទី​២។

“​ខ្ញុំ​ទទួល​បាន​មេរៀន​ជា​ច្រើន​ជាមួយ ​Isco ” Verratti និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ក្នុង​ពូល​G។ ខ្ញុំ​ត្រូវ​បាន​លិច​​ក្រោម​បាត​ទម្រង់​លេង​របស់​គាត់ ​(Isco) ​សូម្បី​តែ​ Messi ក៏​អាច​បង្ហាញ​ថ្វី​ជើង​ដល់​កម្រិត​នេះ​ដែរ។ ពេល​ដែល​ខ្ញុំ​ឃើញ​គាត់​​ញាក់​ស៊ី​ប្រឡោះ​ជើង​ខ្ញុំ​ ខ្ញុំ​មាន​អារម្មណ៍​ថា​ឈរ​ធ្មឹង​ដូច​រូប​ចម្លាក់​អញ្ចឹង” ខ្សែ​បម្រើ​ជម្រើស​ជាតិ​អ៊ីតាលី​បាន​បន្ត។

អេស្ប៉ាញ​នឹង​សង្ឃឹម​ថា​រក្សា​ដំណែង​កំពូល​តារាង​ក្រោយ​ពេល​ឈ្នះ​ការ​ប្រកួត​នេះ ​​ស្រប​ពេល​ពួក​គេ​ត្រូវ​ជួប​លិចធិនស្តែន​នៅ​ថ្ងៃ​អង្គារ​ ខណៈ​ពេល​អ៊ីតាលី​ជួប​អ៊ីស្រាអែល៕