គ្រូ​បង្វឹក​ Spurs លោក Mauricio Pochettino បាន​និយាយ​ថា ​គាត់​គួរ​តែ​ទៅ​ធ្វើ​ការ​ក្នុង​កសិដ្ឋាន​ ជា​ជាង​ទៅ​ដឹកនាំ​ក្រុម​Arsenalឬ​ក៏​ Barcelona។

គ្រូ​បង្វឹក​សញ្ជាតិ​អាហ្សង់ទីន​ បាន​និយាយ​ថា​គ្មាន​ផ្លូវ​ដែល​លោក​នឹង​ទៅ​ដឹកនាំ​ក្រុម​ណា​មួយ ​ដែល​ជា​គូរ​ប្រជែង​ក្លឹប​ដែល​លោក​ធ្លាប់​ដឹកនាំ​នោះ​ទេ ​ដូច​ជា​លោក​ធ្លាប់​កាន់​ការងារ​នៅ ​Espanyol មាន​ន័យ​ថា ​លោក​នឹង​មិន​ចាប់​អារម្មណ៍​ទៅកាន់​តួនាទី​នៅ​ Barcelona ដែរ។

វា​ជា​ការ​ព្រួយបារម្ភ​របស់​អ្នក​គាំទ្រ​ក្លឹប​មាន់​ខ្នាយ​មាស ​​ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី​! Pochettino នឹង​មិន​បដិសេធ​នោះ​ទេ ​បើ ​Real Madrid ចាប់​អារម្មណ៍។​ ខណៈ​ដែល​ម្ចាស់​ជើង​ឯក ​Champions League អាច​នឹង​ចែក​ផ្លូវ​គ្នា​ជាមួយ ​Zidane ដោយ​សារ​ក្លឹប​ធ្លាក់​ចុះ​ឥទ្ធិពល ​និង​ទម្រង់​លេង​នោះ​ ភាព​ស្មោះត្រង់​របស់​លោក​នៅ ​Tottenham អាច​នឹង​ត្រូវ​សាកល្បង​ឆាប់ៗ​នេះ។

“​អ្នក​មិន​ដឹង​ថា​ នឹង​មាន​រឿង​អ្វី​កើត​ឡើង​នៅ​ក្នុង​ពិភព​បាល់ទាត់​នោះ​ទេ​ ” លោក Pochettino បាន​និយាយ ក្នុង​សន្និសីទកាសែត​មួយ។

“ ខ្ញុំ​នឹង​មិន​ទៅ​ដឹកនាំ ​Barcelona ឬ​ក៏ ​Arsenal នោះ​ទេ ​ដោយ​សារ​ខ្ញុំ​បាន​កំណត់​អត្តសញ្ញាណ​ជាមួយ​ Tottemham និង​Espanyol។ ខ្ញុំ​ធំធាត់​ឡើង​ជាមួយ ​Newell’s Old Boys ហើយ​ខ្ញុំ​ក៏​មិន​ទៅ​ដឹកនាំ​គូរ​ប្រជែង​ Rosario Central ដែរ”។

“ នេះ​គឺ​ជា​ការ​សម្រេច​ចិត្ត​របស់​ខ្ញុំ​។ ខ្ញុំ​សុខ​ចិត្ត​ទៅ​ធ្វើ​ការ​នៅ​កសិដ្ឋាន​ របស់​ខ្ញុំ​នៅ​អាហ្សង់ទីន ​ជាជាង​ទៅ​ដឹកនាំ​ក្លឹប​ទាំង​នោះ”៕