ក្លឹប​បិសាច​ក្រហម Manchester United បាន​ក្លាយ​ជា​ក្លឹប​មាន​ការ​គាំទ្រ​ល្អ​បំផុត ​​គិត​ជា​មធ្យម​ភាគ​នៃ​ចំនួន​អ្នក​ទៅ​ទស្សនា​ក្នុង​ការ​ប្រកួត​គិត​ចាប់​តាំង​ដើម​រៀង​មក​ ឈរ​លេខមួយ​ក្នុង​រយៈ​ពេល​២៥​រដូវ​កាល​ជាប់​គ្នា​។

ខណៈ​ដែល ​Tottenham កំពុង​លេង​នៅ​កីឡដ្ឋាន​ Wembley ក្នុង​រដូវ​កាល​នេះ​ បិសាច​ក្រហម​ធ្លាប់​បង្ហាញ​ការ​ព្រួយ​បារម្ភ​ថា​ធ្លាក់​ចេញ​ពី​កំពូល​តារាង​អ្នក​គាំទ្រ​ ប៉ុន្តែ​តាម​ការ​ពិត​ពួក​គេ​នៅ​តែ​ជា​ក្លឹប​ដែល​មាន​អ្នក​គាំទ្រ​ល្អ​បំផុត​។

Wembley អាច​ផ្ទុក​អ្នក​ទស្សនា​៩០០០០០នាក់ ​ប៉ុន្តែ​ Spurs មាន​អ្នក​ទៅ​មើល​អស់​ច្រើន​បំផុត​គឺ​៦៧,៧៤៤​នាក់​ប៉ុណ្ណោះ​នេះ​បើ​តាម​ប្រភព​វេបសាយ​ “Transfermarkt”។​ ចំនួន​នេះ​ស្ថិត​ក្នុង​លំដាប់​ទី​២​ដែល​មាន​អ្នក​ទៅ​ទស្សនា​ការ​ប្រកួត​ក្នុង​កីឡដ្ឋាន​នៅ​រដូវ​កាល​នេះ​ ខណៈ​ដែល​ Manchester United នៅ​តែ​ឈរ​លេខ​១​ដដែល​អស់​រយៈពេល​២៥​រដូវ​កាល​ទៅ​ហើយ។

បច្ចុប្បន្ន​ Red Devils កំពុង​មាន​អ្នក​ទៅ​ទស្សនា​ក្នុង​កីឡដ្ឋាន​គិត​ជា​មធ្យម ​៧៤,៩៦២​នាក់​ក្នុង​ការ​ប្រកួត​ក្នុង​ផ្ទះ​ខ្លួន​ឯង ​នៃ​ពាន ​Premier League ។​តួលេខ​នេះ​មាន​ន័យ​ថា​អ្នក​គាំទ្រ​ទៅ​មើល​ផ្ទាល់ ​៩៩%​ ​នៃ​ចំនួន​កៅអី​ទាំង​អស់​របស់​កីឡដ្ឋាន​ Old Trafford។

ក្រុម​ឈរ​លេខ​៣​គឺ​កាំភ្លើងធំ ​Arsenal ដែល​មាន​អ្នក​ទៅ​ទស្សនា​ជាមធ្យម​៥៩,៣០៧​នាក់ ​នៅ​កីឡដ្ឋាន​ Emirates Stadium ខណៈ​ដែល​ក្រុម ​West Hame តាម​ជិត​ទាន់ ​Arsenal ដែល​មាន​អ្នក​ទៅ​ទស្សនា​ក្នុង​ការ​ប្រកួត​នៅ​កីឡដ្ឋាន ​Olympic Stadium កើន​ឡើង​ដល់​​៥៦,៨៨៥​ក្នុង​ការ​ប្រកួត​ម្ដងៗ។

ចំណែក​ក្រុម​ដែល​មាន​អ្នក​ទៅ​ទស្សនា​តិច​ជាង​គេ​បំផុត​គឺ​ Bournemouth​។ ​ក្លឹប​មួយ​នេះ​មាន​អ្នក​ទៅ​មើល​ផ្ទាល់​​ច្រើន​បំផុត​ត្រឹម​តែ​១១,៤៦៤​នាក់​ប៉ុណ្ណោះ។ ​បើ​គិត​មធ្យម​មាន​ត្រឹម​តែ​១០,៦២៩​នាក់​គឺ​តិច​ជាង​ Manchester United ដល់​ទៅ​៧​ដង​ឯណោះ៕