លោក Massimiliano Allegri និយាយ​ថា​គាត់​គ្មាន​បញ្ហា​នោះ​ទេ​ទោះ​បី​ក្រុម​របស់​លោក ​ត្រូវ​ជួប​ក្រុម​ណា​ក៏​ក្នុង​ Champions League លើក​លែង​តែ ​Barcelona​ដែល​លោក​បាន​ជួប​៣​ដង​ហើយ​ក្នុង​រយៈ​ពេល​៤​រដូវ​កាល​ចុង​ក្រោយ​នេះ។

ក្រុម​សេះ​បង្កង់​បាន​កក់​កៅអី​វគ្គ​៨​ក្រុម​ចុង​ក្រោយ ​ហើយ​ក្រោយ​ពេល​វាយ​បក​យក​ឈ្នះ ​Spurs កាល​ពី​ថ្ងៃ​ពុធ​ក្រោយ​ពេល​ Gonzalo Higuain និង ​Dybala រក​បាន​មួយ​គ្រាប់​ម្នាក់។ និយាយ​ក្នុង​កាសែត​ ViaSport បន្ទាប់​ពី​ក្រុម​របស់​លោក​ប្រកួត​រួច Allegri បាន​បញ្ជាក់​ថា​មាន​ក្រុម​មួយ​ដែល​លោក​ សង្ឃឹម​ថា​នឹង​អាច​ជៀស​ផុត​នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​គឺ​ Barcelona៖ “​ក្រុម​តែ​មួយ​គត់​ដែល​ខ្ញុំ​មិន​ចង់​ជួប​គឺ ​Barcelona ស្ទើរ​តែ​រាល់​ឆ្នាំ​ Barcelona, Barcelona, Barcelona ឥឡូវនេះ​សុំ​ឈប់​ហើយ”។

Juventus លេង​ជាមួយ​Barca ៣​ដង​ហើយ​ក្នុង​រយៈ​ពេល​៤​ឆ្នាំ​ចុង​ក្រោយ​ដោយ​ជួប​វគ្គ​ផ្ដាច់​ព្រ័ត្រ​កាល​ពី​ឆ្នាំ​២០១៤/១៥​វគ្គ​៨​ក្រុម​កាល​ពី​ឆ្នាំ​មុន​ហើយ​​វគ្គ​ជម្រុះ​ក្នុង​ពូល​នៅ​ឆ្នាំ​នេះ។

“​ខ្ញុំ​បាន​និយាយ​ថា​ចាប់​តាំង​ពី​ខ្ញុំ​មក​ដឹកនាំ​Juventus ដំបូង​ថា​គោល​បំណង​របស់​យើង​គឺ​ឡើង​ឲ្យ​បាន​ខ្ពស់​តាម​តែ​អាច​ធ្វើ​បាន​។ ប៉ុន្តែ​ក្រឡេក​មើល​ជុំ​វិញ​អ្នក​មើល​! យើង​ដល់​វគ្គ​៨​ក្រុម​ហើយ​​តើ​មាន​ក្រុម​ណា​មួយ​ដែល​ខ្សោយ​នោះ​គឺ​សុទ្ធ​តែ​ជា​ក្រុម​ល្អៗ​ទាំង​អស់”។

 

“ មនុស្ស​ជា​ច្រើន​តែងតែ​និយាយ​ពី​ Real Madrid, Barcelona ជា​ក្រុម​មាន​ភាគរយ​ខ្ពស់​​ដែល​នេះ​មិន​មែន​ថា​យើង​មិន​អាច​ប្រជែង​ជាមួយ​ពួក​គេ​បាន​ទេ។ Bayern Munich ក៏​ជា​ក្រុម​មួយ​គ្រោះថ្នាក់​ផង​ដែរ”៕