បន្ទាប់​ពី​ខ្សែ​ការពារ​ស្លាប​ស្ដាំ​ Dani Alves នឹង​ចាក​ចេញ​ក្នុង​រដូវ​ក្ដៅ​នេះ ​Juventus បាន​សម្គាល់​ឃើញ​ថា​ខ្សែ​ការពារ​សញ្ជាតិ​ប្រេស៊ីល​ Danilo របស់ ​Real Madrid ជា​អ្នក​ជំនួស​ដ៏​សាក​សម។

CEO របស់​ក្រុម​សេះ​បង្កង់​លោក Giuseppe Marotta បាន​បញ្ជាក់​ពី​ការ​ចាក​ចេញ​របស់​អតីត​កីឡាករ ​Barcelona កាល​ពី​ថ្ងៃ​ពុធ​​ ប៉ុន្តែ​ក្លឹប​របស់​គាត់​ត្រៀម​ខ្លួន​រួច​រាល់​ក្នុង​ការ​រក​អ្នក​ជំនួស​បាន​គឺ​កីឡាករ​របស់​ម្ចាស់​ជើង​ឯក Champions League, Real Madrid ។

របាយការណ៍​ដំបូង​របស់​ Sky Italia និង ​Marca បាន​និយាយ​ថា ​Juventus ចាប់​អារម្មណ៍ ​Danilo ដែល​ជា​ខ្សែ​ការពារ​ស្ដាំ​បម្រុង​របស់ ​Real ។ ស្ដេច​ស​នឹង​ពិចារណា​លក់​ខ្សែ​ការពារ​ប្រេស៊ីល​រូប​នេះ​ ក្រោយ​ក្លឹប​មាន​ Dani Cavajal ជា​ជម្រើស​ដំបូង​ទៅ​ហើយ។