ប្រធានក្រុមជម្រើសជាតិអង់គ្លេស Wayne Rooney បានប្រកាសចូលនិវត្តន៍ពីក្រុមតោបីអង់គ្លេសហើយ ដោយសារមូលហេតុចាំបាច់មួយតែមិនត្រូវបានគេបញ្ចេញ។
ខ្សែប្រយុទ្ធរបស់ Everton បានចូលលេងក្នុងជម្រើសជាតិតាំងពីឆ្នាំ២០០៣ ទល់នឹងជម្រើសជាតិអូស្រ្តាលី ប៉ុន្តែរូបគេបានកំណត់ថ្ងៃឈប់ពីកៅអីនេះហើយ បន្ទាប់ពីលេងអស់រយៈពេល១៤ឆ្នាំជាមួយអង់គ្លេស។ កីឡាករវ័យ៣១ឆ្នាំ បានបាត់បង់ដំណែងជម្រើសជាតិក្រោមការដឹកនាំរបស់លោក Gareth Southgate កាលពីរដូវក្ដៅថ្មីៗនេះ ហើយគ្រូបង្វឹកជម្រើសជាតិអង់គ្លេស ក៏គ្រោងនឹងរើសប្រធានក្រុមថ្មីជារៀងរហូតផងដែរ។
ការចាប់ផ្ដើមរដូវកាលយ៉ាងល្អ ពេលត្រឡប់ទៅលេងនៅកីឡដ្ឋាន Goodison Parkl ធ្វើឲ្យអតីតប្រធានក្រុមបិសាចក្រហម អាចនឹងត្រូវបានជ្រើសរើសសារជាថ្មី ក្នុងក្រុមជម្រើសជាតិ ប៉ុន្តែរូបគេបានបដិសេធដោយសារបញ្ហាផ្ទាល់ខ្លួន។ Rooney បានបដិសេធលេងឲ្យអង់គ្លេសម្ដងទៀត ក្នុងនាមជាកីឡាករអស្ចារ្យជាងគេ របស់ជម្រើសជាតិដោយរកបាន៥៣គ្រាប់ក្នុងការចូលលេង១១៩ប្រកួតឲ្យអង់គ្លេស។
រូបគេបានបញ្ជាក់ថា លោក Southgate បានកោះហៅ មកលេងក្នុងជម្រើសជាតិម្ដងទៀតដែរ សម្រាប់កម្មវិធីប្រកួតនៅខែកញ្ញាខាងមុខ ប៉ុន្តែរូបគេនិយាយបញ្ជាក់ប្រាប់គ្រូបង្វឹកអង់គ្លេសពីការសម្រេចចិត្តរបស់ខ្លួន តាមទូរស័ព្ទក្នុងសប្ដាហ៍នេះ។
Rooney បាននិយាយក្នុងសេចក្ដីថ្លែងការណ៍មួយថា៖” វាពិតជាអស្ចារ្យណាស់ដែល Gareth Southgate បានហៅខ្ញុំក្នុងសប្ដាហ៍នេះ ដោយឲ្យខ្ញុំ ត្រឡប់ទៅកាន់ជម្រើសជាតិអង់គ្លេសវិញ ក្នុងការប្រកួតនៅខាងមុខ។ ខ្ញុំពិតជាទទួលយកការកោះហៅនេះ។ បែបណាក្ដី! បន្ទាប់ពីការគិតដ៏យូរ និងពិបាករួចមក ខ្ញុំបានប្រាប់ Gareth ថា ខ្ញុំបានសម្រេចចិត្តចូលនិវត្តន៍ ពីក្រុមជម្រើសជាតិក្នុងហេតុផលដ៏ល្អមួយ។
វាជាការសម្រេចចិត្តដ៏តឹងតែង ហើយម្ដងនោះ ខ្ញុំបានពិភាក្សាជាមួយគ្រួសារ ជាមួយគ្រូបង្វឹកនៅ Everton និងអ្នកដែលជិតស្និតជាមួយខ្ញុំ។ លេងឲ្យអង់គ្លេសគឺជាឱកាសដ៏អស្ចារ្យសម្រាប់ខ្ញុំ។ គ្រប់ពេល ខ្ញុំតែងតែត្រូវបានជ្រើសរើសជាកីឡាករម្នាក់ ឬក៏ជាប្រធានក្រុមដែលនេះ ជាអភ័យឯកសិទ្ធពិតប្រាកដ ហើយខ្ញុំអរគុណអ្នកទាំងអស់គ្នា ដែលជួយខ្ញុំ។ ប៉ុន្តែខ្ញុំជឿថាពេលនេះគឺជាពេលវេលាដែលត្រូវបញ្ចប់ហើយ”៕
ប្រភព៖ Metro