Paulo Gazzaniga នឹង​មក​ចូល​រួម​ជាមួយ​ក្រុម​របស់​លោក Mauricio Pochettino បន្ទាប់​ពី​ចុះ​កុងត្រា​ជាមួយ​ Tottenham ក្នុង​រយៈ​ពេល​៥​ឆ្នាំ។​ នេះ​បើ​តាម​ប្រភព​ផ្លូវការ​របស់​ក្លឹប​បាន​ផ្សាយ​យប់​មិញ។

អ្នក​ចាំ​ទី​សញ្ជាតិ​អាហ្សង់ទីន​វ័យ​២៥​ឆ្នាំ​រូប​នេះ ​នឹង​ពាក់​អាវ​លេខ​២២​ដែល​ជា​ការ​ផ្ដល់​ឲ្យ​ដោយ​គ្រូ​បង្វឹក​ផ្ទាល់ ​​ប៉ុន្តែ​យ៉ាង​ណា​ក្ដី​! រូប​គេ​នឹង​ក្លាយ​ជា​ជ​ម្រើស​ទី​៣ ​នៅ​ពី​ក្រោយ​អ្នក​ចាំ​ទី​ Hugo Lloris និង Michel Vorm ។

Paulo Gazzaniga បាន​បង្ហាញ​ខ្លួន​ឲ្យ​ Southampton ២៣​ប្រកួត​ក្នុង​អំឡុង​ជាប់​កុង​ត្រា​៥​ឆ្នា​នៅ​ទី​នោះ ​ក្រោយ​ចេញ​ពី​ក្លឹប​ដំបូង​បំផុត​ Gillingham កាល​ពី​ឆ្នាំ​២០១២។ បន្ទាប់​មក​រូប​គេ​ក៏​បាន​ទៅ​លេង​នៅ​ក្លឹប​ Rayo Vallecano ក្នុង​ក្របខ័ណ្ឌ​លីក​ទី២​អេស្ប៉ាញ​បាន​៣២​ប្រកួត​។​ ចុង​ក្រោយ​រូប​គេ​ក៏​បាន​មក​លេង​នៅ​ក្លឹប​មាន់​ខ្នាយមាស​នេះ​តែ​ម្ដង ​ក្រោយ​ពេល​មាន​ការ​ណែនាំ​ពី​លោក Pochettino។

ការ​បង្ហាញ​ខ្លួន​ចុង​ក្រោយ​របស់​អ្នក​ចាំ​ទី​រូប​នេះ​នៅ​ Premier League គឺ​អំឡុង​ពេល​លេង​ឲ្យ Southampton ដែល​កាល​នោះ​ ក្រុម​មួយ​នេះ​បាន​ប្រកួត​ចាញ់​ Spurs ២​ទល់​០ ​ខណៈ​មិត្ត​រួម​ក្រុម​របស់​ខ្លួន​បច្ចុប្បន្ន​គឺ​ Harry Kane និង ​Dele Alli ជា​អ្នក​រក​គ្រាប់​បាល់​បាន៕