លោក Julen Lopetegui បាននិយាយក្នុងសន្និសីទកាសែតមុនការប្រកួតជាមួយអាហ្សង់ទីនក្នុងមិត្តភាពយប់នេះថា លេងមិត្តភាពតែក្នុងក្រដាសទេចំណែកលើទីលានផ្ទាល់គឺលេងដូចដណ្ដើមពាន។
វានឹងក្លាយជាការសាកល្បងដ៏មានន័យរវាងក្រុមទាំងត្រូវជួបគ្នានៅកីឡដ្ឋាន Wanda Metropolitano ខណៈដែលក្រុមទាំងពីរត្រូវបានគេចាត់ទុកថាជាក្រុមអាចលើកពានច្រើនជាងគេ។ ក្នុងសន្និសីទមុនការប្រកួត Lopetegui បាននិយាយពីជំនួបនេះហើយលោកនឹងឃើញ Messi ជាប់ជម្រើសដំបូង១១នាក់ក្នុងយប់នេះ។
“ យើងទើបតែបានលេងជាមួយក្រុមម្ចាស់ជើងឯក World Cup ហើយពេលនេះ យើងបន្តលេងជាមួយក្រុមជើងឯករងដែលកំពុងតែរឹងមាំក្រោមការបង្វឹករបស់លោក Jorge Sampaoli។ យើងត្រូវតែព្យាយាមធ្វើឲ្យបានល្អ ដោយមិនចាំបាច់ព្រួយបារម្ភពីឧបសគ្គនៅនឹងមុខ ហើយយើងត្រូវលេងឲ្យល្អដូចដែលយើងបានបង្ហាញកន្លងមក”។
“ខ្ញុំគិតថាវានឹងជាការប្រកួតមួយដ៏ស្រស់ស្អាត ដ៏ល្អបំផុតជាមួយអាហ្សង់ទីន ជាមួយកីឡាករល្អបំផុតក្នុងលោក។ យើងត្រូវតែព្យាយាមយកចិត្តទុកដាក់យើងមិនគិតថាវាជាការប្រកួតមិត្តភាពទេ អារម្មណ៍ពួកយើងទាំងអស់គឺលេងដូចការប្រកួតដណ្ដើមពានអញ្ចឹង”៕