សហព័ន្ធបាល់ទាត់អង់គ្លេស បានបញ្ចប់កិច្ចសន្យាឧបត្ថម្ភជាមួយក្រុមហ៊ុនភ្នាល់ល្បែង Ladbrokes ហើយបញ្ជាក់ជាផ្លូវការឈប់ពាក់ព័ន្ធជាមួយក្រុមហ៊ុនទាំងងស់ដែលទាក់ទងនឹងល្បែងភ្នាល់។
ការផ្លាស់ប្ដូរគោលគំនិតនេះ ត្រូវបានកើតឡើង បន្ទាប់ពីពេលកន្លងមកមានគេរិះគន់ និងមានការពិន័យកីឡាករដែលភ្នាល់បាល់ ពិសេសកើតឡើងនូវការបំពានផ្សេងជាមួយក្រុមហ៊ុនភ្នាល់បាល់ដទៃទៀត។
សេចក្ដីថ្លែងការមួយពី FA បាននិយាយថា៖” ការសម្រេចចិត្តបានបង្កើតឡើងតាមរយៈការត្រួតពិនិត្យឡើងវិញអស់រយៈពេល៣ខែពី គណៈកម្មការគ្រប់គ្រងទទួលការឧបត្ថម្ភ ខណៈអង្គភាពមួយនេះក៏ទទួលខុសត្រូវលើចំពោះបទបញ្ជានៃការភ្នាល់បាល់ក្នុងច្បាប់កីឡាផងដែរ។ ជាលទ្ធផលសហព័ន្ធបានព្រមព្រៀងបញ្ចប់ការឧបត្ថម្ភនេះចាប់ពីខែមិថុនាឆ្នាំ២០១៧នេះតទៅ។”
FA ក៏បានពិន័យកីឡាករពីការភ្នាល់បាល់នេះដែរ។ ជាតួយ៉ាងអតីតខ្សែបម្រើក្លឹប Man City និង Burnley កីឡាករ Joey Barton ត្រូវបានសហព័ន្ធបាល់ទាត់អង់គ្លេសពិន័យ១៨ខែមិនឲ្យលេងបាល់កាលពីខែមេសា បន្ទាប់ពីគេរកឃើញថាបានដាក់ភ្នាល់បាល់ចំនួនលើសពី១២០០គូរក្នុងការប្រកួតបាល់ទាត់ជាច្រើន។ អំឡុងពេលចាប់ខ្លួន អតីតកីឡាកររូបនេះបាននិយាយថា លោកគឺមនុស្សម្នាក់ដែលញៀននឹងល្បែងភ្នាល់បាល់ ហើយ លោកបានសង្កត់ធ្ងន់ទៀតថា យើងមិនអាចឲ្យការប្រកួតបាល់ទាត់មានសុក្រិតភាពនោះទេ បើសិនណាសហព័ន្ធនៅតែត្រូវការការឧបត្ថម្ភពីក្រុមហ៊ុនល្បែងភ្នាល់ ហើយវានៅតែអាចធ្វើឲ្យមនុស្សនៅតែលេងមិនឈប់។
មានក្លឹបជាច្រើនក្នុងលីគលំដាប់ទី២អង់គ្លេស ទទួលយកក្រុមហ៊ុនភ្នាល់បានធ្វើជាម្ចាស់ស្ពុនស័រលើអាវហើយក្រុមហ៊ុនល្បីជាងគេគឺ Sky bet Championship៕