ខ្សែ​បម្រើ​ Manchester United កីឡាករ​ Ander Herrera បាន​និយាយ​ថា​រូប​គេ​រីករាយ ​នឹង​បោះ​បង់​គោល​បំណង​ប្រជែង​ពាន​លីគ​ជាមួយ Manchester City ហើយ​ប្រសិន​បើ ​Manchester United មាន​ឱកាស​ប្រជែង​ពាន​ Champions League។

ពេល​នេះ​ City មាន​១៦​ពិន្ទុ​ដាច់​គេ​ពេល​ឈ្នះ​ Stoke City យប់​មិញ ​​តែ​យ៉ាង​ណា​នេះ​ហាក់​មិន​ទាន់​សុវត្ថិភាព​១០០%នៅ​ឡើយ​ទេ​សម្រាប់​ក្រុម​លោក ​Pep Guardiola ដើម្បី​លើក​ពាន​ Premier League។  Herrera មិន​បាន​ព្រួយបារម្ភ​ពី​ក្រុម​គូរ​ប្រជែង​រួម​ទី​ក្រុង​មួយ​នេះ​ឡើយ​ ដោយ​និយាយ​ថា​៖” ខ្ញុំ​មិន​គិត​ពី​ Manchester Cityទេ​ ខ្ញុំ​កំពុង​គិត​អំពី​ក្លឹប​ខ្លួន​ឯង។ ការ​ឈ្នះ​ Champions League នឹង​ពិត​ជា​មហា​ពិបាក​បំផុត​សម្រាប់​យើង​ តែ​យើង​នៅ​មានឱកាស​នៅ​ឡើយ”។

“ ដូច្នេះ​ បើ​អ្នក​និយាយ​ពី ​City ឈ្នះ​ពាន​ហើយ ​Manchester United ឈ្នះ ​Champions League ខ្ញុំ​នឹង​ស៊ីញេ​ឯកសារ​ឥឡូវ​ហ្នឹង!”

បិសាច​ក្រហម​នឹង​ទទួល​ក្រុម ​Sevilla នៅ​យប់​ថ្ងៃ​ពុធ​ក្នុង​ជើង​ទី​២​វគ្គ​១៦​ក្រុម​ចុង​ក្រោយ ​Champions League។​ កាល​ពី​ជើង​ទី​១​ក្រុម​ទាំង​ពីរ​ទទួល​បាន​លទ្ធផល​បាន​ពង​មាន់​ម្នាក់​មួយ​រៀងៗ​ខ្លួន។

ក្រុម​របស់​លោក ​Jose Mourinho នឹង​ធ្វើ​យ៉ាង​ណា​ឡើង​ទៅ​វគ្គ​បន្ត​ឲ្យ​បាន​ស្រប​ពេល​គោលបំណង​សំខាន់​របស់​ក្លឹប ​គឺ​ពាន​Champions League នេះ​ហើយ​៕