អ្នកចាំទី Real Madrid កីឡាករ Keylor Navas បានចេញមកបញ្ជាក់ពីដំណឹងដែលថារូបគេចាកចេញពី Real Madrid ក្រោយក្លឹបរកអ្នកចាំទីមកជំនួសនៅកីឡដ្ឋាន Bernabeu។
ស្ដេចសមានទំនាក់ទំនងជាមួយនឹងការចង់បានអ្នកចាំទីដៃទីមួយ Manchester United កីឡាករ David De Gea ជាយូររួចមកហើយខណៈពួកគេក៏ជិតនឹងបានចុះកុងត្រាយកអ្នកចាំទីជម្រើសជាតិអេស្ប៉ាញ Kepa Arrizabalaga កាលពីខែមករា។ដំណឹងនៃការទិញនិងចាប់អារម្មណ៍កីឡាករដទៃជាហូរហែបែបនេះធ្វើឲ្យគេសន្និដ្ឋានថាអ្នកចាំទីជម្រើសជាតិកូស្តារីកាអាចនឹងចាកចេញខណៈពេល ដែល Arsenal ជាក្លឹបមួយចង់បានអ្នកចាប់បាល់រឹងមាំម្នាក់។
ក្រោយចប់ការប្រកួតកាលពីយប់មិញរូបគេនិយាយថា៖”បាទ! ពិតណាស់ខ្ញុំនឹងចាកចេញពី Real Madrid ពេលចប់រដូវកាលនេះប៉ុន្តែខ្ញុំទៅផ្ទះជាមួយក្រុមគ្រួសារដើម្បីសម្រាកលំហែកាយ។ ខ្ញុំនៅសល់កុងត្រា២ឆ្នាំទៀតហើយខ្ញុំនឹងលេងឲ្យអស់សុពលភាពកុងត្រានេះហើយសុំគិតទៀត។ខ្ញុំមិនដែលស្ដាប់ពីព័ត៌មានរអេចរអូចនៅក្រៅទីលានទាំងនោះទេ”។
Navas បានរក្សាខ្លួនក្លាយជាអ្នកចាំទីដៃទីមួយដ៏មានតម្លៃរបស់លោក Zidane ក្រោយបង្ហាញការសង្គ្រោះបាល់យ៉ាងល្អក្នុងការប្រកួតដែល Real Madrid ស្មើជាមួយ AT. Madrid ១-១កាលពីយប់មិញ ពិសេសសង្គ្រោះបាល់ពីការទាត់តម្រង់ទីដ៏ខ្លាំងរបស់ Diego Costa នៅនាទី២៩ក្នុងវគ្គទី១៕