អតីត​កីឡាករ​វាយ​កូន​បាល់​លេខ​មួយ​ពិភពលោក​ Andy Murray បាន​ដក​ខ្លួន​ចេញ​ពី​ពាន​រង្វាន់​ ​2018 Australian Open ហើយ​ក្រោយ​មាន​បញ្ហា​របួស​។​ដំណឹង​នេះ​បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​។

កីឡាករ​សញ្ជាតិ​ស្កុតឡែន មាន​បញ្ហា​របួស​ត្រកៀក​កាល​ពី​ឆ្នាំ ២០១៧​ ហើយ​មិន​បាន​ចូល​លេង​ចាប់​តាំង​ពី​ធ្លាក់​ចេញ​ពី​ពាន​ Wimbledon កាល​ពី​ថ្ងៃ​ទី​១២​កក្កដា​មក​ម្ល៉េះ។​ ទោះ​បី​របួស​នេះ​ទទួល​បាន​ការ​ព្យាបាល​ជា​ពិសេស​ពី​សំណាក់​គ្រូពេទ្យ​ជំនាញ​ត្រកៀក​លំដាប់​ពិភពលោក​ Murray បាន​បញ្ជាក់​ដោយ​ខ្លួន​ឯង​ថា ​គាត់​មិន​ទាន់​មាន​ភាព​រឹង​មាំ​គ្រប់​គ្រាន់​សម្រាប់​ការ​ប្រកួត​នៅ​ឆ្នាំ ២០១៨​នេះ​ទេ។

 

និយាយ​ក្នុង​ Fox Sport,៖” គួរ​ឲ្យ​ស្ដាយ​ខ្ញុំ​នឹង​មិន​បាន​លេង​នៅ​ទី​ក្រុង​ម៉ែលប៊ន​នោះ​ទេ​ ដោយ​សារ​មិន​ទាន់​ជា​ស្រួលបួល។​ ខ្ញុំ​នឹង​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ដើម្បី​ព្យាបាល​របួស​បន្ត​និង​សម្រាក”។

Murray មិន​មែន​ជា​កីឡាករ​លំដាប់​កំពូល​តែ​ម្នាក់​ ដែល​ខក​ខាន​លេង​ក្នុង​ពាន​រង្វាន់​នេះ​ សូម្បី​តែ​ម្ចាស់​ជើង​ឯក ​Australian Open ៦​សម័យ​កាល​ Novak Djokovic ក៏​មិន​បាន​លេង​ដែរ​ដោយ​សារ​របួស​កែង​ដៃ ​ខណៈ​តារា​វាយ​កូន​បាល់​ជប៉ុន Kei Nishikori​កំពុង​ព្យាបាល​របួស​កដៃ​នៅ​ឡើយ៕