ក្រុមអធិរាជស Real Madrid កាលពីម្សិលមិញ បាន​ចេញ​មុខ​បដិសេធពី​របាយការណ៍​ដែល​ថា ក្លឹប​បាន​ព្រមព្រៀង​ក្នុង​ការ​ទិញ​ខ្សែ​ប្រយុទ្ធវ័យក្មេង Kylian Mbappe ដែលកំពុងតែលេចធ្លោនៅព្រឹត្តិការណ៍ FIFA World Cup ពី​ក្លឹប PSG។

យោងតាមសារព័ត៌មានក្នុងប្រទេសអេស្ប៉ាញបានរាយ​ការណ៍​ថា ក្រុមជើងឯក UEFA Champion League ១៣សម័យបានព្រមព្រៀងជាមួយ​ PSG ក្នុង​ការ​ទិញយកកីឡាករបារាំងខាងលើក្នុង​តម្លៃ ២៧២ លាន​អឺរ៉ូ (ប្រមាណ ៣១៦ លាន​ដុល្លារ​សហរដ្ឋអាមេរិក)។

យ៉ាងណាមិញ ក្រុមរបស់ប្រធានក្លឹប Florentino Perez បានចេញសេចក្តីថ្លែងការណ៍មួយថា៖ “ក្លឹប Real Madrid សូម​បញ្ជាក់​ថា​របាយការណ៍​ដែល​បាន​ចែក​ចាយ​ប៉ុន្មាន​ម៉ោង​ទៅ​នេះ ដែល​ថា ក្លឹប​បាន​ព្រមព្រៀង​ជាមួយ PSG ដើម្បី​ផ្ទេរ Kylian Mbappe គឺ​ខុស​ពី​ការ​ពិត​ទាំង​ស្រុង។ ក្លឹប Real Madrid មិន​បាន​ធ្វើ​សំណើ​ផ្ទេរ​ទៅ​ក្លឹប PSG ឬ​ទៅ​កីឡាករ​ឡើយ ហើយ​សូម​ថ្កោល​ទោស​ចំពោះ​របាយការណ៍​ខាង​លើ”។

គួររំលឹកថា កាលពីពេលថ្មីៗនេះ ពាក្យចចាមអារ៉ាមស្តីអំពីការចាកចេញរបស់តួឯក Cristiano Ronaldo ទៅកាន់ក្រុមនារីវ័យចំណាស់ Juventus កាន់តែសាយភាយឡើង ដែលជាហេតុធ្វើឲ្យព័ត៌មានក្នុងការចរចារ Kylian Mbappe ពី PSG ផ្ទុះឡើងតែម្តង។