អ្នក​គាំទ្រ​បាល់ទាត់​របស់​ ​Manchester United កំពុង​តែ​បង្ហាញ​ភាព​ភ្ញាក់ផ្អើល​ខ្លាំង​ អំពី​ភាគរយ​នៃ​ការ​ទិញ​បាន​កីឡាករ​ថ្មី​ទី​៣​ក្នុង​រដូវ​កាល​ ក្រោយ​ពេល​គេ​ឃើញ​ Nemanja Maticពាក់​អាវ​ហ្វឹកហាត់​របស់ ​Man Utd បង្ហោះ​តាម​អនឡាញ។

រូបភាព​មួយ​សន្លឹក​នេះ​ មាន​ការ​ពិភាក្សា​គ្នា​ខ្លាំង​ថា ​រូប​នេះ​មិន​ពិត​ទេ ​គឺ​គ្រាន់​តែ​ជា​ការ​កាត់​ត​ក្នុង ​Photoshop ប៉ុណ្ណោះ​ហើយ​រូប​នេះ​ពី​ដំបូង​គឺ​អតីត​ខ្សែ​បម្រើ​ Bastian Schweinsteiger ដោយ​គ្រាន់​តែ​ប្ដូរ​មុខ​ ព្រោះ​លេខ​៣១​នេះ​គឺ​ជា​លេខ​របស់​សញ្ជាតិ​អាល្លឺម៉ង់​ពាក់។ បែប​ណាក្ដី! អាវ​របស់ ​Matic ត្រូវ​បាន​គេ​ដឹង​ថា​ជា​អាវ​ហ្វឹកហាត់​រដូវ​កាល​ថ្មី​របស់​ Man Utd សម្រាប់​ Schweinsteiger ប៉ុន្តែ​មិន​ទាន់​បាន​ពាក់​ផង ​ត្រូវ​ផ្ទេរ​ទៅ​លេង​នៅ​អាមេរិក​បាត់​ហើយ​កាល​ពី​ខែ​មករា។

ងាក​មក​វិញ​!​បើ​រូប​នេះ​ជា​ការ​ពិត​របស់ ​Matic គេ​អាច​សន្និដ្ឋាន​បាន​ថា ​ខ្សែ​បម្រើ​សញ្ជាតិ​ស៊ែប៊ី​នឹង​ផ្ទេរ​មក ​Old Trafford នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ហើយ​រូប​គេ​អាច​នឹង​លេង​ក្នុង​ពាន ​UEFA Super Cup, ខណៈ​មាន​ព័ត៌មាន​មួយ​ចំនួន​ថា ​រូប​គេ​បាន​មក​ពិនិត្យ​សុខភាព​រួច​ទៅ​ហើយ។

Jose មិន​បាន​លាក់​បាំង​នៃ​គោលបំណង​ចង់​បាន​ខ្សែ​បម្រើ​កណ្ដាល​ថ្មី​នៅ​រដូវ​កាល​នេះ​ទេ​ ព្រោះ​លោក​ធ្លាប់​បាន​និយាយ​ថា​ចង់​បាន​ម្នាក់​មក​ជួយ​បង្កើត​តុល្យភាព​ក្រុម​ ហើយ​កីឡាករ​ក៏​ដែល​គាត់​ចង់​បាន​គឺ​អតីត​ខ្សែ​បម្រើ​ក្លឹប ​Benfica ដែល​គាត់​ទិញ​បាន​កាល​ដឹក​នាំ​ Chelsea៕