សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប(UEFA)នឹងបើកការស៊ើបអង្កេតទាក់ទងទៅនឹងខ្សែការពារស្លាប របស់ Real Madrid កីឡាករ Dani Cavajal ដែលធ្វើជាចេតនាឲ្យអាជ្ញាកណ្ដាលពិន័យកាតលឿងនៅនាទីចុងម៉ោង នៃការប្រកួតទី៥ក្នុង Champions League វគ្គជម្រុះក្នុងពូល H ដែលលេងជាមួយ APOEL ក្នុងប្រទេសស៊ីប្រ៊ូសយប់មិញ។
គណកម្មការវិន័យរបស់សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប បានបញ្ជាក់ថា Cavajal ប្រហែលជាល្មើសនិងមាត្រាទី១៥ក្នុងការចង់ឲ្យអាជ្ញាកណ្ដាលពិន័យ និងពន្យាពេល ខណៈស្ថាប័នខាងលើនឹងបើកការស៊ើបអង្កេតនៅថ្ងៃទី៧ធ្នូ។
អាជ្ញាកណ្ដាលសញ្ជាតិព័រទុយហ្គាល់លោក Artur Dias បានព្រមានជាកាតលឿងឲ្យ Cavajal ក្នុងនាទីបន្ថែមមានរបួស នៃការប្រកួតក្នុង Champions League ដោយកីឡាកររូបនេះ កាន់បាល់យូរហើយពន្យាមិនព្រមបោះចូលលឿនៗ។ ខ្សែការពារស្លាបស្ដាំជម្រើសជាតិអេស្ប៉ាញ បានទទួលកាតលឿងក្នុងការប្រកួតនេះ ដែលមានន័យថារូបគេ នឹងអវត្តមានក្នុងការប្រកួតចុងក្រោយក្នុងពូល Hខណៈដែល Real Madrid ត្រូវជួប Borussia Dortmund ក្នុងកីឡដ្ឋាន Santiago Bernabeu។
ស្ដេចសហាក់មិនសូវធ្វើការធ្ងន់នោះទេ ក្នុងការប្រកួតចុងក្រោយនេះ ដោយពួកគេកក់កៅអីវគ្គ១៦ក្រុមចុងក្រោយទៅហើយ ប៉ុន្តែខាងក្រុមមកពីអាល្លឺម៉ង់ត្រូវប្រឹងដាច់ជើងចោល ដើម្បីទទួលបានកៅអី Europa League ក្រោយ Champions League អស់ឱកាសទៅហើយនោះ៕