ក្លឹបបិសាចក្រហមត្រូវបានគេដឹងថា មានគោលនយោបាយបន្តកុងត្រាដល់កីឡាករយឺតយ៉ាវបំផុត ពិសេសជាមួយកីឡាករសំខាន់ៗហើយលោក Jose Mourinho បាននឹងកំពុងព្រួយបារម្ភដែលអាចមានបញ្ហាសម្រាប់គាត់ដឹកនាំនៅចុងរដូវកាល។
Anthony Martialនិង Mrcos Rojo បានពន្យារពេលបន្តកិច្ចសន្យាថ្មី ជាមួយថ្នាក់ដឹកនាំរបស់ Red Devils ដោយទុកពេលពិចារណារៀងបន្តកុងត្រាថ្មីឬក៏អត់ ប៉ុន្តែក្លឹបមិនទាន់នឹងបានប្រកាសពីការពិភាក្សាលើកិច្ចសន្យាទាំងនេះផង។ បន្ថែមពីនេះ United បានបន្តកិច្ចសន្យាថ្មីមួយឆ្នាំទៀតឲ្យ Juan Mata, Ander Herrera, Luke Shaw, Ashley Young និង Daley Blind ដោយគ្មានកាន់ឯកសារឲ្យកីឡាករ ដែលនេះធ្វើឲ្យអនាគតរបស់ពួកគេហាក់មិនច្បាស់លាស់។
គោលនយោបាយបែបនេះហើយ ដែលជាមូលហេតុឲ្យ Marouane Felliani សម្រេចចិត្តបដិសេធកុងត្រាថ្មី ដោយសារក្លឹបយឺតក្នុងការអន្ទង និងនិយាយពិភាក្សាជាមួយកីឡាករ ហើយឆាប់ៗនេះរូបគេ នឹងចេញពីក្លឹបដោយគ្មានតម្លៃខ្លួន។
សេណារីយ៉ោទាំងបីនេះ ធ្វើឲ្យគ្រូបង្វឹកព័រទុយហ្គាល់មិនសប្បាយចិត្តជាមួយក្លឹប ខណៈប្រាក់ឈ្នួលកីឡាករអត់មានតុល្យភាពគ្នាសោះឡើយ។ កីឡាករដែលរកបានលុយគ្រាក់ៗក្នុងមួយអាទិត្យៗដូចជា៖ Pual Pogba, Zlatan Ibrahimovic, Romelu Lukaku និងAlexis Sanchez ទទួលបានលុយអាទិត្យច្រើនជាង Martial និង Rojo ដល់ទី៤ដង ខណៈដែលកីឡាករទាំងពីរចង់ឡើងប្រាក់ខែ។
អញ្ចឹងក៏ដោយ ជាមួយនឹងរបាយការណ៍បានបង្ហាញថា ថ្នាក់ដឹកនាំក្លឹបកំពុងតែស្ដាយក្រោយរឿងចំណាយលុយធំសម្រាប់ប្រាក់ឈ្នួលរបស់ Sanchez ពេលមកដល់ Old Trafford នោះ ពួកគេនឹងមិនទាន់សម្រេចចិត្តផ្លាស់ប្ដូរគោលនយោបាយនេះភ្លាមៗនោះទេ៕