ខ្សែប្រយុទ្ធវ័យចាស់សញ្ជាតិស៊ុយអែត Zlatan Ibrahimovic បានអះអាងថា គាត់អាចនឹងត្រឡប់ចូលលេងក្នុងជម្រើសជាតិវិញមុនពេលការប្រកួត World Cup នៅរុស្សីមកដល់។
កីឡាករវ័យ៣៦ឆ្នាំរបស់ Manchester United បានរងរបួសជិតមួយឆ្នាំទៅហើយក្រោយពេលប្រកាសចូលនិវត្តន៍ពីក្រុមស៊ុយអែត បន្ទាប់ពីការប្រកួត Euro2016 បញ្ចប់។ ទោះបីជាយ៉ាងនេះក្ដី! Ibrahimovic បាននិយាយក្នុងកាសែតស៊ុយអែតមួយថា៖” ខ្ញុំនឹកជម្រើសជាតិណាស់ ប្រសិនបើបើខ្ញុំចង់ខ្ញុំនឹងធ្វើវា។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំអាចបង្ហាញទម្រង់លេងល្អនៅពេលនោះ”។
ក្នុងរដូវកាលនេះអតីតកីឡាករ PSG លេងបានត្រឹម៥ប្រកួតប៉ុណ្ណោះក្នុង Premier League ហើយការប្រកួតចុងក្រោយរូបគេត្រូវប្ដូរចូលនៅវគ្គទី២ក្នុងជំនួបស្មើជាមួយ Burnley ២-២កាលពីខែធ្នូ។ ស៊ុយអែតបានឡើងមកលេងនៅ World Cup ដោយអត់មាន Zlatan ក្រោយយកឈ្នះក្រុមម្ចាស់ជើងឯកបួនសម័យកាលអ៊ីតាលី១ទល់០ក្នុងវគ្គជម្រុះ Play-off កាលពីខែវិច្ឆិកា ប៉ុន្តែគេមិនទាន់ដឹងថាកីឡាកររូបនេះ អាចមានឈ្មោះក្នុងបញ្ជីជម្រើសជាតិឬយ៉ាងណាក្រោយរកបាន៦២គ្រាប់ក្នុងការចូលលេង១១៦ប្រកួត។
ប្រទេសស្ថិតតំបន់ឧបទ្វីបស្កង់ឌីណាវមួយនេះ នឹងត្រូវប្រកួតបើកឆាកក្នុង World Cup ជាមួយកូរ៉េខាងត្បូងនៅថ្ងៃទី ១៨មិថុនា មុនពេលជួបក្រុមអាល្លឺម៉ង់ និងមិកស៊ិកក្នុងពូល F៕