អតីត​ខ្សែ​ប្រយុទ្ធ​ Real Madrid កីឡាករ Alvaro Morata បាន​ទទូច​ថា​រូប​គេ​មក​ចូល​រួម​ជាមួយ ​Chelsea ដោយ​សារ​ក្លឹប​អង់គ្លេស​មួយ​នេះ ​ជាក្លឹប​ល្អ​ជាង​គេ​នៅ​អង់គ្លេស​ហើយ​កីឡាករ​ចង់​ធ្វើ​ការ​ជាមួយ​លោក ​Antonio Conte។

កីឡាករ​វ័យ​២៤​ឆ្នាំ​នឹង​មក​ដល់​ Chelsea ដើម្បី​ពិនិត្យ​សុខភាពនៅ​ថ្ងៃ​នេះ​ បន្ទាប់​ពី​តោ​ខៀវ​យល់​ព្រម​ចុះ​កុង​ត្រា​ក្នុង​តម្លៃ​៧១​លាន​ផោន​ជាមួយ​ Real Madrid កាល​ពី​ថ្ងៃ​ពុធ។ កីឡាករ​ជម្រើស​ជាតិ​អេស្ប៉ាញ​ប៊ិះ​ នឹង​មក​លេង​នៅ​ Man Utd ទៅ​ហើយ​ប៉ុន្តែ​បិសាច​ក្រហម​បែរ​ជា​កាត់​មុខ​ Chelsea ទិញ​យក ​Romelu likaku ជំនួស​វិញ។

Morata ដែល​គេ​រំពឹង​ទុក​ថា​នឹង​តាំង​លំនៅ​នៅ ​Old Trafford នោះ​បែ​ជា​ប្ដូរ​ទៅ​លេង​កីឡដ្ឋាន ​Stamford Bridge វិញ​ដោយ​ធ្វើ​ឲ្យ​រូប​គេ​មាន​ឱកាស​លេង​ក្រោម​ការ​ដឹកនាំ​របស់​លោក ​Antonio Conte ជា​លើក​ដំបូង។​ គ្រូ​បង្វឹក​សញ្ជាតិ​អ៊ីតាលី​បាន​ទិញ​Morata ពី​ Real Madrid កាល​ពី​ឆ្នាំ​២០១៤​ឲ្យ ​Juventus ប៉ុន្តែ​ភ្លាម​ៗ​លោក​បាន​ទៅ​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី​ មុន​ពេល​Morata បាន​ទៅ​ដល់​ ហើយ​កីឡាករ​បាន​និយាយ​ថា​ Conter គឺ​ជា​ផ្នែក​ដ៏​ធំ​មួយ​ឲ្យ​គេ​សម្រេច​ចិត្ត ​ប្ដូរ​មក​លេង​នៅ​ក្លឹប​ក្នុង​ទី​ក្រុង​ឡុង​ដុង។

“ ដោយ​សារ​វា​(Chelsea)​ជា​ក្លឹប​ល្អ​ជាង​គេ​។ Conte គឺ​ជា​គ្រូបង្វឹក​ម្នាក់​ក្នុង​ចំណោម​គ្រូ​បង្វឹក​ល្អ​លើ​ពិភពលោក​។ ហើយ​ខ្ញុំ​ពិត​ជា​សប្បាយ​ក្នុង​ការ​ធ្វើ​ការ​ជាមួយ​ Antonio”។

អតីត​កីឡាករ​របស់​ Juventus ត្រូវ​បាន​អ្នក​កាសែត​សួរ​ពី​ការ​ខិត​ជិត​ទៅ​លេង​នៅ ​Man Utd ហើយ​ក្នុង​រដូវ​កាល​នេះ​ប៉ុន្តែ​រូប​គេ​បាន​និយាយ​ថា៖” ខ្ញុំ​អត់​ដឹង​ដែរ។ រឿង​ដែល​សំខាន់​គឺ​ខ្ញុំ​នៅ​ទីនេះ​ ខ្ញុំ​នឹង​លេង​ឲ្យ​Chelsea”៕