នៅសល់ពេលតែប៉ុន្មានខែទៀតប៉ុណ្ណោះ ការប្រកួតបាល់ទាត់ដ៏ធំជាងគេលើភពផែនដីនេះគឺ World Cup នឹងចូលមកដល់។ ខណៈដែលកីឡាករជាច្រើនបានទទួលកៅអីទៅលេងនៅរុស្សី ជាមួយក្រុមជម្រើសជាតិរួចហើយ ចំណែកខ្លះទៀតកំពុងប្រឹងបញ្ចេញសមត្ថភាព ដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីគ្រូបង្វឹក ព្រោះកៅអីក្នុងជម្រើសជាតិជាតិនីមួយៗ ពិតជាពិបាកនឹងដណ្ដើមខ្លាំងណាស់។

តែផ្ទុយទៅវិញ! កីឡាករមួយចំនួនបែរជាមានបំណងចង់ប្តូរសញ្ជាតិ ទៅចូលរួមជាមួយក្រុមជម្រើសជាតិផ្សេងទៅវិញ ព្រោះពួកគេមានជាប់សាច់ឈាមខ្លះ​ ពីខាងឪពុក ម្ដាយ ឬ​ជីដូន ជីតារបស់ពួកគេ។ ខាងក្រោមនេះ ជាបញ្ជីឈ្មោះរបស់កីឡាករមួយចំនួនដែលត្រៀមផ្លាស់ប្ដូរសញ្ជាតិដើម្បីបានលេង World Cup នៅឆ្នាំនេះ:

1. Mariano Diaz

អតីតកីឡាកររបស់ Real Madrid រូបនេះ បានលេងអោយក្រុមជម្រើសជាតិសាធារណៈរដ្ឋដូមីណីក(Dominican Republic)  តាំងពីឆ្នាំ២០១៣ មកម្លេះ។ រូបគេមានឳពុកជនជាតិដូមីណីក និង ម្ដាយជាជនជាតិអេស្ប៉ាញ ដូច្នេះគេមាន ឳកាសអាចចូលលេងអោយក្រុមគោជល់អេស្ប៉ាញបាន។ Diaz កំពុងតែធ្វើបានល្អខ្លាំងណាស់ នៅលីកបារាំងដែលគេលេងអោយក្រុម Lyon ដោយស៊ុតបាល់បាន ស្ទើរគ្រប់ការប្រកួត សូម្បីគ្រូបង្វឹកអេស្ប៉ាញលោក Julen Lopetegui បានទទួលស្គាល់អំពីទេពកោសល្យរបស់រូបគេ និង អាចផ្ដល់ឳកាសអោយចូលរួមជាមួយក្រុមជម្រើសជាតិអេស្ប៉ាញបាន។

2. Aymeric Laporte

កីឡាករចំណូលថ្មីរបស់ Manchester City ម្នាក់នេះធ្លាប់លេងអោយក្រុមជម្រើសជាតិបារាំងឈុត U17, U18 និង U21
តែគេអាចប្ដូរទៅលេងអោយជម្រើសជាតិអេស្ប៉ាញបាន ដោយសារគេធ្លាប់រស់នៅ និងលេងអោយក្លឹប Athletico Bibao នៅអេស្ប៉ាញ អស់រយះពេលជាង៨ឆ្នាំមកហើយ ដែលមានន័យថា គេមានសញ្ជាតិជាអេស្ប៉ាញរួចទៅហើយ។

3. Leon Bailey


ខ្សែបម្រើស្លាបរបស់ Bayern Leverkusen រូបនេះ អាចជ្រើសរើសលេងអោយជម្រើសជាតិអង់គ្លេសបាន ដោយសារគេមានជាប់ខ្សែស្រឡាយអង់គ្លេសពីជីតារបស់គេមក។ ក្រុមជម្រើសជាតិបច្ចុប្បន្នរបស់គេគឺ ចាម៉ៃកា ពុំមានកៅអីទៅលេង World Cup និងគេនោះទេ។

4. Brahim Diaz


ខ្សែប្រយុទ្ធ Man City សញ្ជាតិអេស្ប៉ាញរូបនេះ ចង់ជ្រើសរើសយកក្រុមជម្រើសជាតិម៉ូរ៉ុកូ ដោយសារតែក្នុងជម្រើសជាតិអេស្ប៉ាញពិបាកនិងចូលពេក។

5. Allan Marques

កីឡាករកូនកាត់ប្រេស៊ីល- ព័រទុយហ្កាល់ រូបនេះ ជាកីឡាករដ៏សំខាន់ដែលកំពុងជួយអោយ Napoli កាន់កាប់កំពូលតារាងនៅ Seria A ហើយអាចលើកពាននៅចុងរដូវកាលនេះ បើសិនជា Juventus តាមពិន្ទុមិនទាន់។ Allan ធ្លាប់លេងអោយក្រុមប្រេស៊ីលអាយុក្រោម ២០ឆ្នាំ កាលពី២០១១ ហើយក៏មិនត្រូវបានគេកោះហៅទៀតដែរ។ ដោយសារតែឆ្នាំនេះឡើងជើងខ្លាំង គេអាចសម្រេចចិត្តចូលរួមជាមួយក្រុមព័រទុយហ្គាល់ក៏ថាបាន ។

6. Willian Jose

Jose ជាជនជាតិប្រេស៊ីល តែគេបានមកលេងនៅអេស្ប៉ាញជាមួយក្រុម Real Socieded តាំងពីឆ្នាំ២០១៤មកម្លេះ ដូច្នេះ
គេមានឳកាសចូលរួមជាមួយក្រុមជម្រើសជាតិអេស្ប៉ាញបាន។

7. Tammy Abraham

កីឡាកររូបនេះ ធ្លាប់លេងអោយក្រុមតោកំណាចអង់គ្លេសបានពីរប្រកួតដែរកាលពីចុងឆ្នាំ២០១៧ ប៉ុន្ដែដោយសារសមត្ថភាពមិនទាន់ល្អគ្រប់គ្រាន់ អញ្ចឹង! ក្ដីសង្ឃឹមជាប់ឈ្មោះជាមួយក្រុមអង់គ្លេសគឺជារឿងដែលពិបាកនិងកើតឡើង។
Tammy មានឳពុកម្ដាយជាជនជាតិនីហ្សេរីយ៉ា ដូច្នេះគេអាចចូលរួមជាមួយខាងជម្រើសជាតិនីហ្សេរីយ៉ា ដើម្បីបានលេង World Cup៕

Source: 90min