កីឡាករ​លេង​ក្នុង​ដំណែង​បម្រើ​ប្រយុទ្ធ​ស្លាប​ Andreas Pereira ​ដែល​កំពុង​លេង​នៅ​ក្លឹប​ឡើង​ជើង​របស់​អេស្ប៉ាញ ​Valencia (លក្ខខណ្ឌ​ខ្ចី​ជើង)​មិន​ចង់​ត្រឡប់​ទៅ​លេង​នៅ​ Old Trafford ទៀត​ទេ​ដោយ​រូប​ចង់​លេង​នៅ​អេស្ប៉ាញ​ដដែល។

កីឡាករ​វ័យ​២២​ឆ្នាំ​បាន​បន្ត​កុង​ត្រា​ថ្មី​ជាមួយ ​Manchester United ដល់​ឆ្នាំ​២០១៩​មុន​ពេល​ប្ដូរ​មក​លេង​នៅ ​Valencia កាល​ពី​ខែ​កញ្ញា។ មាន​របាយការណ៍​ជា​ច្រើន​និយាយ​ថា​ Man Utd បាន​ពិចារណា​យក​អតីត​យុវជន​របស់​ខ្លួន​ទៅ​លេង​នៅ​ក្លឹប​វិញ​ក្នុង​ខែ​នេះ​ ប៉ុន្តែ ​Pereira ចង់​លេង​នៅ​ក្របខ័ណ្ឌ ​La liga ជាង។

“ ខ្ញុំ​នៅ​ទី​នេះ​​ហើយ​ខ្ញុំ​ចង់​នៅ​បន្ត​ទៀត​ ខ្ញុំ​មាន​អារម្មណ៍​ល្អ​នៅ​ទី​នេះ​ខ្ញុំ​កំពុង​លេង​បាន​ល្អ​​ហើយ​ខ្ញុំ​ចង់​ឈ្នះ​ពាន​ជាមួយ​Valencia” កីឡាករ​ប្រេស៊ីល​និយាយ​ក្នុង​កាសែត Superdporte។

“​ពួក​យើង​ពិត​ជា​ភ្ញាក់ផ្អើល​ដែល​ឈាន​មក​ដល់​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ហើយ​យើង​ព្យាយាម​ឡើង​ឲ្យ​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ”។

Pereira បាន​លេង​១៦​ប្រកួត​ឲ្យ​ក្លឹប​ចាប់​តាំង​ពី​មក​ដល់ Valencia​ហើយ​ក្នុង​ចំណោម​នោះ​លេង​ក្នុង​ជម្រើស​ដំបូង​៥​ប្រកួត។ ជា​សរុប​រូប​គេ​រក​បាន​១​គ្រាប់​ នឹង​បញ្ជូន​បាល់​បាន​៥​ដង​ក្នុង​ចំណោម​២០​ប្រកួត​គ្រប់​កម្មវិធី៕