អតីតកីឡាករ​ខ្សែបម្រើ​របស់​ក្រុម​តោខៀវ Chelsea និង​ក្រុម​ជម្រើស​ជាតិអង់គ្លេស Frank Lampard ត្រូវបាន​ក្លឹប​បាល់ទាត់ Derby County តែងតាំង​ជា​អ្នក​ចាត់ការទូទៅ​ ក្នុង​កិច្ចព្រម​ព្រៀង​រយៈពេល ៣ឆ្នាំ។  គួរជម្រាបជូនថា នេះគឺជាលើកដំបូង ដែល Lampard កាន់តំណែងជាអ្នក​គ្រប់​គ្រង។

អតីតកីឡាករបាល់ទាត់វ័យ ៣៩ឆ្នាំរូបនេះ បាន​និយាយ​ថា «ខ្ញុំ​តែងតែចង់ធ្វើជាអ្នក​ចាត់ការក្នុងក្លឹប ដែល​មាន​ទំនៀមទម្លាប់ និង​ប្រវត្តិសាស្ត្រដ៏ធំធេង ដូចជា Derby County នេះ។ ដូច្នេះ នេះគឺជាឱកាសដ៏មហិមា» Lampard បន្ត​ថា «នេះគឺជាការងារដំបូង​របស់ខ្ញុំ​ ក្នុងនាមជាអ្នក​ចាត់ការទូទៅ ប៉ុន្តែខ្ញុំ​ធ្លាប់​បាន​ធ្វើការ​យ៉ាង​ជិតស្និទ្ធិ ជាមួយ​គ្រូបង្វឹក​ល្អៗជាច្រើន ក្នុងការ​ប្រកួត​នីមួយៗ ដូច្នេះខ្ញុំ​ទុកចិត្ត​លើ​សមត្ថភាពរបស់​ខ្ញុំ និង​សមត្ថភាព​របស់​ក្រុម​ទាំងមូល រួម​ទាំង​ម្ចាស់ក្លឹប និង​សមាជិក​គណៈកម្មការ​ក្នុងក្លឹបទាំងអស់»។

Lampard បាន​ចូល​មក​កាន់​តំណែងជាអ្នក​ចាត់ការទូទៅ ដើម្បីជំនួសលោក Gary Rowett ដែល​បានចេញទៅ​ដឹកនាំក្រុម Stoke។ គេ​រំពឹង​ថា Lampard អាចនឹង​នាំយក​កីឡាករ​យុវជន​របស់​ Chelsea មក​ចូលរួម​ជាមួយ​ក្រុម Derby County ផងដែរ។

សូមរម្លឹក​ថា Frank Lampard បាន​បង្ហាញខ្លួន​ជាមួយ​ក្រុម​ជម្រើសជាតិ​អង់គ្លេសចំនួន ១០៦​ដង និង​បង្ហាញ​ខ្លួន​ឲ្យក្រុម​តោខៀវ Chelsea បាន ៦៤៩ដង ព្រមទាំង​​បាន​ជួយ​ក្លឹប​ឲ្យ​ឈ្នះពានរង្វាន់​ធំៗចំនួន ១១លើក ដោយ​ក្នុង​នោះ មាន​ពានរង្វាន់​ Premier League ៣ដង, FA Cups ៤ដង, League Cups ២ង, the Europa League ១ដង និង Champions League ១ដង។ Lampard បានចាកចេញពី Chelsea កាលពីឆ្នាំ ២០១៤ រួចបន្តទៅលេងឲ្យ Man City បាន​មួយ​ឆ្នាំ មុន​នៅ​ទៅចូលរួមជាមួយ​ក្រុម​ New York City នៅឆ្នាំ ២០១៥ ហើយ​ប្រកាសចូលនិវត្តន៍ នៅឆ្នាំ ២០១៧៕