Marcus Rushford ត្រូវតែចាប់ផ្ដើមលេងក្នុងតំបន់ប្រយុទ្ធកណ្ដាលឲ្យបានច្រើន បើចង់ឲ្យគាត់បង្ហាញពីទម្រង់លេងអស់សមត្ថភាពបំផុត។ នេះបើតាមអ្នកជំនាញបាល់ទាត់ និងជាអតីតកីឡាកររបស់ជម្រើសជាតិអង់គ្លេស Martin Keown។
កីឡាករវ័យក្មេងបានលេងជម្រើសដំបូងឲ្យអង់គ្លេស ឈ្នះស្លូវ៉ាគី១ទល់០ក្នុងកីឡដ្ឋាន Wembley កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីបានកៅអីលេងនៅ World Cup។ ពេលនោះរូបគេលេងក្នុងតំណែងប្រយុទ្ធស្លាបឆ្វេង ដូចដែលគេធ្លាប់បានលេងឲ្យ Manchester United រដូវកាលនេះអញ្ចឹងដែរ។ ខណៈពេលដែលរូបគេរកបាន៦គ្រាប់ឲ្យអង់គ្លេស និងក្លឹបបិសាចក្រហមក្នុងរដូវកាលនេះ អតីតខ្សែការពារក្រុមកាំភ្លើងធំ Arsenal លោក Keown គិតថាកីឡាករវ័យ១៩ឆ្នាំគួរតែលេងក្នុងតំណែងប្រយុទ្ធកណ្ដាលឲ្យបានច្រើន។
“ ខ្ញុំចូលចិត្តទម្រង់លេងរបស់ Marcus Rushford រត់លើទីលានតម្រង់ទៅកាន់ខ្សែការពារ”។ កីឡាករល្អបំផុតជាច្រើននាក់មានដូចជា៖ Gareth Bale, Cristiano Ronaldo, Lionel Messi, ចាប់ផ្ដើមលេងក្នុងតំបន់ប្រយុទ្ធស្លាបឆ្វេងនៅពេលខ្លះ ហើយ Rushford គ្រាន់តែដាក់ឲ្យលេងក្នុងតំបន់ប្រយុទ្ធកណ្ដាល ឲ្យបានច្រើននោះរូបគេនឹងបង្ហាញអស់សមត្ថភាពនៅនឹងមុខទី ពិសេសតំបន់គ្រោះថ្នាក់។” Kown និយាយក្នុង Daily Mail។
គាត់បន្តទៀតថា៖ “ ខ្ញុំគិតថាគាត់ក្លាយជាកីឡាករកំពូលហើយពួកគេត្រូវតែដោះស្រាយចំណុចនេះ កុំទុកយូរពេក។ កន្លែងលេងក្នុងតំបន់ស្លាបឆ្វេងគួរតែចាប់ផ្ដើមនៅពេលដែលរូបគេលេងក្នុងការប្រកួត World Cup តែប៉ុណ្ណោះ”៕