ជា​លើក​ដំបូង​ចាប់​តាំង​ពី​មក​ដល់​ ​Bernabeu, Gareth Bale មិន​បាន​ចូល​លេង​មួយ​ប្រកួត​ពេញ​ក្នុង​ Champions League ទោះ​បី​ជា​ខ្លួន​មាន​ភាព​រឹងមាំ​គ្រប់​គ្រាន់​ដើម្បី​លេង​ពេញ​៩០​នាទី​ក៏​ដោយ។

ជ័យជម្នះ​លើ ​Juventus ៣​ទល់​០​មាន​ន័យ​ថា​ Real រក្សា​ផ្លូវ​ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ក្នុង​ Champions League តែ​ប្រហែល​ជា​មិន​អាច​រក្សា​ Bale ឲ្យ​នៅ​បន្ត​ទៀត​ទេ​ក្នុង​រដូវ​កាលក្រោយ ​បើ​រូប​គេ​មិន​តែ​មិន​បាន​លេង​បែប​នេះ​ទៀត។ ការ​ប្រកួត​កាល​ពី​ថ្ងៃ​អង្គារ ​រូប​គេ​ត្រូវ​បង្ខំ​ចិត្ត​អង្គុយ​មើល​គេ​លេង​ពេញ​៩០​នាទី​ ពិសេស​អង្គុយ​មើល​ Lucas Vázquez, Marco Asensioនិង​ Mateo Kovacic ប្ដូរ​ចូល​។ អំឡុង​ពេល​ Ronaldo ទាត់​ចូល​គ្រាប់​ទី​២​ Bale អង្គុយ​ធ្វើ​មុខ​ស្ងួត​ពី​ក្រោយ​គ្រូ​បង្វឹក​ដែល​អប​អរ​គ្រាប់។

រឿង​ដែល ​Zidane អស់​អារម្មណ៍​ជាមួយ ​Bale គឺ​ប្រហែល​ជា​កើត​ឡើង​តាំង​ពី​ថ្ងៃ​ទី​១៤​កុម្ភៈ​មក​ម្ល៉េះ​ ដែល​កាល​នោះ​ Bale បាន​ប្ដូរ​ចូល​ចុង​ម៉ោង​ក្នុង​រយៈ​ពេល​២២​ដែល​នៅ​សល់​ពេល​ដែល​ Real ឈ្នះ PSG ៣​ទល់​១​ក្នុង​១៦​ក្រុម​ចុង​ក្រោយ។ ​ពេល​ចប់​ការ​ប្រកួត​ Bale មិន​បាន​មិន​បាន​នៅ​លើ​ទីលាន​អរគុណ​ដល់​អ្នក​គាំទ្រ​ទេ ​បែរ​ជា​គេ​ដើរ​ទៅ​បន្ទប់​ផ្លាស់​សំលៀកបំពាក់​ទោះ​បី​ជា ​Sergio Ramos ហៅ​ឲ្យ​ចាំ​បន្តិច​ក៏​ដោយ។

អំឡុង​ការ​ប្រកួត​វគ្គ​ចាញ់​ធ្លាក់​ក្នុង​ Champions League ឆ្នាំ​នេះ ​Bale លេង​បាន​ត្រឹម​តែ​៣៦​នាទី​ប៉ុណ្ណោះ។ Zidane នៅ​តែ​ដាក់​ឲ្យ​គាត់​លេង​ក្នុង​លីក​បាន​ច្រើន​ប៉ុន្តែ​ប៉ុណ្ណេះ​មិន​គ្រប់​គ្រាន់​សម្រាប់​កីឡាករ​កំពូល​ម្នាក់​ដែល​ចង់​ឈ្នះ​ពាន​​ចង់​បង្ហាញ​សមត្ថភាព​ឲ្យ​អស់​របស់​ខ្លួន​នោះ​ទេ។

និយាយ​ដល់​ត្រឹមនេះ​ Real Madrid ខ្លាច​កីឡាករ​វ័យ​២៨​ឆ្នាំ​ទ្រាំទ្រា​មិន​បាន​ហើយ​ចាក​ចេញ​ដោយ​តម្លៃ​ខ្លួន​ថោក​ដើម្បី​រក​កន្លែង​លេង​ពេញ​ៗ ​ខណៈ​ដែល​ Manchester United ជា​ក្លឹប​មួយ​ចង់​បាន​ខ្សែ​ប្រយុទ្ធ​ស្លាប​រូប​នេះ​តាំង​ពី​រដូវ​កាល​មុន។ វា​អាច​ទៅ​រួច​ដែរ​បើ ​Real Madrid នៅ​តែ​មិន​ដាក់​ឲ្យ​ឬ​ក៏​ឲ្យ​អង្គុយ​កៅអី​បម្រុង​ក្នុង​ Champions League ជើង​ទី​២​ទៀត​នោះ​​ទំនាក់ទំនង​រវាង ​Bale និង​គ្រូ​បង្វឹក​សញ្ជាតិ​បារាំង​អាច​នឹង​ដើរ​ដល់​ផ្លូវ​បំបែក​មិន​ខាន៕