Sergio Ramos បានរងរបួសសាច់ដុំកំភួនជើង ហើយពួកគេរំពឹងថាប្រធានក្រុមរូបនេះនឹងខកខានក្នុងការប្រកួតដំបូងនៃពាន La liga បន្ទាប់ពីសម្រាកពេលរដូវរងា។
កីឡាករអេស្ប៉ាញបានអវត្តមានក្នុងការប្រកួតដែល Real Madrid បានយកឈ្នះក្រោម Numancia ៣ទល់០ក្នុងពាន Copa del Rey វគ្គ១៦ក្រុមចុងក្រោយជើងទីមួយ រួមជាមួយ Ronaldo ក៏អវត្ដមានដែរដោយទុកឲ្យសម្រាក។ Real Madrid បានបញ្ជាក់ក្នុងសេចក្ដីថ្លែងការខ្លីមួយថា Ramos នឹងស្ថិតនៅក្រៅទីលានក្នុងថិរវេលាមួយមិនទាន់អាចកំណត់បានដោយសាររបួស។
“ក្រោយការត្រួតពិនិត្យរបួសរបស់ Sergio Ramos ជាបន្តបន្ទាប់ ពីសំណាក់សេវាវេជ្ជសាស្រ្ត Sanitas Real Madrid Medical Service, បានឲ្យដឹងថា គាត់រងរបួសសាច់ដុំកំភួនជើងផ្នែកខាងស្ដាំ នៃជើងឆ្វេងរបស់គាត់។ កាលបរិច្ឆេទនៃការជាសះស្បើយរបស់កីឡាករ មិនដឹងនៅឡើយទេ ហើយពេលនេះកំពុងពិនិត្យបន្តទៀត”។
Real Madrid នឹងធ្វើដំណើរទៅកាន់ផ្ទះ Celta vigo នៅថ្ងៃអាទិត្យនេះក្នុងពាន La liga បន្ទាប់ពីចាញ់ Barcelona លើកចុងក្រោយបំផុតក្នុងផ្ទះខ្លួនឯង។ លទ្ធផលនេះធ្វើឲ្យក្រុមលោក Zidane តាមពីក្រោយក្រុមកំពូលតារាងដល់ទៅ១៤ពិន្ទុ៕