ខ្សែការពារ​ចាស់​វស្សា​ ស៊ុន​ សុវណ្ណរិទ្ធី​ នឹង​ពាក់​ស្លាក​ប្រធាន​ក្រុម​បឹងកេត​សម្រាប់​ការ​ប្រកួត​មិត្តហ្វូនខេមបូឌានលីគ​ សប្ដាហ៍​ទី៨ទល់នឹង​ អង្គរថាយហ្គឺ​ នៅស្តាតចាស់​ថ្ងៃសៅរ៍​ ទី២ខែ​មិថុនា​។

លោក​ ហៅ​ សុជាតិ​ បានប្រាប់ឲ្យដឹងថា៖​ សុវណ្ណរិទ្ធី​ គ្រាន់តែ​ដើរ​តួ​នាទី​ជាប្រធាន​ក្រុម​បណ្ដោះអាសន្ន​សម្រាប់​ការ​ប្រកួត​ចំពោះមុខ​តែប៉ុណ្ណោះ​។ ចំណែក​ប្រធាន​ក្រុម​អចិន្ត្រៃយ៍​ជំនួស​ ឃួន​ឡា​ បូរ៉ាវី​ នៅមិនទាន់​ជ្រើសរើស​ទេ​ ពោលគឺកំពុង​បន្ត​ពិចារណា​នៅឡើយ​ ហើយ​ក្នុងនោះ​ អ្នកចាំទី​ ស៊ូ​ យ៉ាទី​ និង​ខ្សែការពារ​ ហុង​ ផេង​ ក៏ស្ថិត​ក្នុង​ក្រសែភ្នែក​លោក​ជាតិ​រួម​ជាមួយ​ Mizuno Hikaru, Maycon Calijuri និង​ សុវណ្ណរិទ្ធី​ ដែរ។

ជ័យលាភី​គ្រូល្អជាងគេ​ប្រចាំ​រដូវកាល​២០១៧​ បញ្ជាក់​ថា៖​ ជាបណ្ដោះអាសន្ន​ សម្រាប់​ប្រកួត​ស្អែក​ជាមួយ​អង្គរថាយហ្គឺរ​ សុវណ្ណរិទ្ធី​ នឹង​ដើរតួ​ជា​ប្រធានក្រុម​ជាបណ្ដោះអាសន្ន​ដោយសារ​គាត់​ចាស់​ជាងគេ​ បទពិសោធ​ក្រាស់ក្រែល​ ហើយរាល់ការ​ប្រកួត​ គាត់តែងតែ​បង្ហាញ​បានល្អ​ ទាំង​ការ​ដាស់តឿន​ មិត្តរួមក្រុម​ ការណែនាំ​ និង​ការ​លើកទឹកចិត្ត​ ជាដើម​។ រីឯប្រធាន​ក្រុម​ជា​អចិន្ត្រៃយ៍​តែម្ដង​ ខ្ញុំ​មិនទាន់​សម្រេចទេ​ ព្រោះ​មាន​បេក្ខជន​ច្រើន​ដែល​ខ្ញុំ​មើលឃើញ​ ដូចជា​ យ៉ាទី,​ ហុង​ ផេង,​ Mizuno, Maycon និង​ សុវណ្ណរិទ្ធី​។

សូម​រំឭក​ថា​ ខ្សែប្រយុទ្ធ ឃួន ឡាបូរ៉ាវីបាន​ទៅចូលរួម​ក្លិបថៃ Surat Thani FC ដោយអ្នកចាំទី​ ស៊ូ​ យ៉ាទី​ បាន​ពាក់​ស្លាក​ប្រធាន​ក្រុម​ពេល​បឹងកេត​ឈ្នះ​ព្រះខ័នរាជ​ស្វាយរៀង​ ៣-១​ ហើយ​ពេល​ស្មើ​ អគ្គិសនី​កម្ពុជា​ ១-១​ សប្ដាហ៍​មុន​ ហុង​ ផេង​ បាន​ពាក់​ស្លាក​កាពីទែន​ ជំនួស​ យ៉ាទី​ ដែលកំពុងរបួស​។ ហុង​ ផេង​ ក៏បាន​រងរបួស​សរសៃពួរ​ភ្លៅ​ស្រដៀង​យ៉ាទី​ក្នុង​វគ្គទី១នៃ​ថ្ងៃពាក់​ស្លាក​ប្រធាន​ក្រុម​នោះដែរ​ និងត្រូវអវត្តមាន​ពីប្រកួតស្អែកនេះផងដែរ៕

ប្រភព​​ & រូបភាព៖ CNCC