ក្លឹប​មហាសេដ្ឋី​បារាំង​ Paris Saint-Germain កំពុង​មាន​បំណង​ប្រើ​ប្រាស់​​ Edinson Cavani ជា​ថ្នូរ​ជាមួយ​និង​ទឹក​ប្រាក់​ដ៏​ច្រើន ​ដើម្បី​ដេញ​ថ្លៃ​យក​ខ្សែ​ប្រយុទ្ធ​លំដាប់​ពិភពលោក​របស់ ​Real Madrid កីឡាករ ​Cristiano Ronaldo ។ ប្រភព​ El Confidencial បញ្ជាក់​មក​ដូច្នេះ។

អនាគត​វែង​ឆ្ងាយ​របស់ ​Ronaldo នៅ ​Madrid ហាក់​កំពុង​មិន​ប្រាកដប្រជា​ ស្រប​ពេល​ម្ចាស់​ពាន​ Ballond’Or ៥​សម័យ​កាល​រូប​នេះ​ នៅ​តែ​ចង់​ក្លាយ​ជា​កីឡាករ​មាន​តម្លៃ​ប្រាក់​ឈ្នួល​ខ្ពស់​ជាង​គេ​បំផុត​ក្នុង​ពិភព​បាល់​ទាត់​ ប្រសិន​បើ​គាត់​ចង់​បន្ត​កុង​ត្រា​ថ្មី​នៅ​កីឡដ្ឋាន Santiago Bernabeu។

តារាង​បាល់​ទាត់​សញ្ជាតិ​ព័រទុយហ្គាល់ ​គឺ​ជា​គោលដៅ​របស់ ​PSG យូរ​មក​ហើយ ​​ខណៈ​ក្លឹប​ខាង​លើ​ចង់​មាន​ប្រព័ន្ធ​ប្រយុទ្ធ​មាន​ឥទ្ធិពល​បំផុត​ក្នុង​លោក​ ដោយ​មាន​ខ្សែ​ប្រយុទ្ធ​បី​នាក់​ជូរ​មុខ​គឺ​ Ronaldo, Neymarនិង Kylian Mbappe។ ហើយ​ដើម្បី​កាត់​បន្ថយ​តម្លៃ ​នៃ​ការ​យក​លុយ​សុទ្ធ​ទាំង​ដុល​ៗ​ទៅ​ឲ្យ​ Real Madrid ក្លឹប​មួយ​នេះ​នឹង​បូក​ខ្សែ​ប្រយុទ្ធ​លេខ​៩​របស់​ខ្លួន​គឺ​Edinson Cavani ដើម្បី​ឲ្យ​ Real Madrid ព្រម​លក់ ​Ronaldo។

ខ្សែ​ប្រយុទ្ធ​អ៊ុយរូហ្គាយ​រូប​នេះ​ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​កីឡាករ​មាន​ឥទ្ធិពល​បំផុត ​ក្នុង​ចំណោម​ខ្សែ​ប្រយុទ្ធ​ក្នុង​​លោក​​ហើយ​ជា​កីឡាករ​ប្រកប​ដោយ​គុណភាព​ខ្ពស់​ទៀត​ផង៕