ខ្សែបម្រើ Manuel Lanzini របស់ក្លិប West Ham United នឹងមិនបានទៅ FIFA World Cup 2018 ជាមួយក្រុមជម្រើសជាតិអាហ្សង់ទីនឡើយ ក្រោយរងរបួសសរសៃពួរជង្គង់អំឡុងពេលហ្វឹកហាត់នៅថ្ងៃសុក្រទី៨ខែមិថុនានេះ។

អតីតសមាជិកក្លិបអេមីរ៉េតអារ៉ាប់រួម Al Jazira Club វ័យ២៥ឆ្នាំរូបនេះ​បាន​វិវឌ្ឍ​ខ្លួន​ជាប់​ជម្រើស​ជាតិ​ក្រុម​ធំ​អាហ្សង់ទីន​ក្នុង​ឆ្នាំ​២០១៧ ក្រោយ​ផ្លាស់​មក Premier League ហើយ​ត្រូវ​បាន​ជ្រើស​រើស​​ចូល​បញ្ជី២៣នាក់ចុងក្រោយរបស់លោក Jorge Sampaoli សម្រាប់​ទៅ រុស្ស៊ី ខណៈអតីតយុវជនថ្នាល River Plate ដដែលនេះ បានចូលលេងក្នុងប្រកួតមិត្តភាពដែលអាហ្សង់ទីនឈ្នះ ហៃទី ៤-០ សប្ដាហ៍មុន។

 

ដោយឡែកកីឡាករដែលត្រូវមកជំនួស Lanzini នោះគឺ ខ្សែបម្រើ Enzo Perez របស់ River Plate។ កីឡាករវ័យ៣២ឆ្នាំរូបនេះធ្លាប់ជាប់ជម្រើសជាតិ២៣ លើករួមទាំងធ្លាប់បង្ហាញខ្លួននៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័តពានរង្វាន់ FIFA World Cup 2014 នៅប្រទេសប្រេស៊ីលផងដែរ។

សូមបញ្ជាក់ថា អាហ្សង់ទីន ស្ថិតក្នុងពូល D ហើយនឹងចាប់ផ្ដើមយុទ្ធនាការទល់នឹង អ៊ីស្លង់ នៅថ្ងៃទី១៦ខែមិថុនា មុនប៉ះ ក្រូអាត និង នីហ្សេរីយ៉ា៕