កាលពីម្សិលមិញ អ្នក​ចាត់​ការ Real Madrid លោក Zinedine Zidane បាន​សម្រេចចិត្តលា​លែង​ពី​តំណែងយ៉ាងគួរឲ្យភ្ញាក់ផ្អើល។ ក្នុង​សន្និសីទ​សារព័ត៌មានភ្លាមៗរបស់ក្រុមរហស្សនាមអធិរាជស បុរសជនជាតិបារាំងបាន​និយាយ​ថា​ខ្លួន​មិន​បន្ត​ដឹកនាំ​ក្លឹប​យក្ស​អេស្ប៉ាញ​ទៀត​ទេ​នា​រដូវ​កាល​ក្រោយ។

ការ​ប្រកាស​ចាកចេញ​ពី​តំណែងអ្នកចាត់ការ Real Madridនេះ ធ្វើឡើង ១ សប្ដាហ៍ ក្រោយក្លឹបទើបបានតែឈ្នះ Champions League រដូវកាលនេះប៉ុណ្ណោះ។

បុរសវ័យ៤៥ឆ្នាំបាននិយាយយ៉ាងខ្លី​ថា៖ “ក្រោយ​រយៈ​ពេល ៣ ឆ្នាំ ការ​ផ្លាស់​ប្ដូរ គឺ​ចាំ​បាច់”។ យ៉ាងណាក្តី Zidane បានបង្ហើរថា ខ្លួន​នឹងអាចមកដឹកនាំក្លឹប Real Madrid ម្ដង​ទៀតនាពេលអនាគត។

 

ក្នុងអំឡុងពេល ៣ ឆ្នាំក្នុងការដឹកនាំ Real Madrid លោក Zinedine Zidane ​ឈ្នះពាន​ជាមួយក្លឹបដល់ទៅ ៨ ពាន ក្នុងនោះរួមមានពាន Champions League ៣ឆ្នាំជាប់គ្នា ពានលីគកំពូលអេស្ប៉ាញ (រដូវកាល ២០១៦/១៧) ពាន UEFA Super Cup ២លើក FIFA Club World Cup ២ដង និង Supercopa de Espana មួយលើកផងដែរ៕ ​