ខ្សែបម្រើ Toni Kroos បានឲ្យដឹងកាលពីពេលថ្មីៗនេះថា ខ្លួនមានមោទនភាពដែលមានខ្សែការពារ Sergio Ramos ធ្វើជាប្រធានក្រុម។ ការលើកឡើងបែបនេះគឺក្រោយពេលដែលកីឡាករអេស្ប៉ាញបានក្លាយជាប្រធានបទជជែកវែកញែកយ៉ាងក្ដីគគុកបន្ទាប់ពីកើតមានភាពចម្រូងចម្រាសក្នុងការប្រកួតផ្ដាច់ព្រ័ត្រ UEFA Champions League។
កីឡាករជម្រើសជាតិអាល្លឺម៉ង់បានបន្ថែមថា៖ “ខ្ញុំច្បាស់ថា Sergio គ្មានបំណងបង្កការឈឺចាប់លើ Salah ទេ។ តាមពិត សូម្បីអាជ្ញាកណ្ដាលក៏មិនផ្លុំកញ្ចែពិន័យផងនៅពេលជែងបាល់គ្នានោះ ហើយខ្ញុំមិនឃើញអ្វីមួយដែលមានភាពមិនមែនជាអ្នកកីឡានៅក្នុងសកម្មភាពរបស់គាត់ឡើយ។ គាត់មិនមែនជាកីឡាករលេងកាចទេ ហើយខ្ញុំមានមោទកភាពដែលគាត់ជាប្រធានក្រុមរបស់ពួកយើងនៅ Real Madrid”។
គួរបញ្ជាក់ថា ក្រោយពីមានបញ្ហាជាមួយ Mohamed Salah និង Loris Karius ខ្សែការពារ Sergio Ramos ត្រូវបានមជ្ឈដ្ឋាននានាដាក់បន្ទុកពីលើដោយថាខ្សែការពាររូបនេះមានចេតនាធ្វើឲ្យកីឡាករ Liverpool ២រូបខាងលើមានរបួសនៅវគ្គផ្តាច់ព្រ័ត។