កាលពីម្សិលមិញ យោងតាមការចុះផ្សាយរបស់ Goal.com បានឲ្យដឹងថា អតីតខ្សែបម្រើក្លឹបកាំភ្លើងធំ Mikel Arteta បានយល់ព្រមដើម្បីជំនួសលោក Arsene Wenger ធ្វើជាគ្រូបង្វឹកថ្មីនៅ Arsenal ដែលគេជឿថាការប្រកាសជាផ្លូវការនឹងកើតឡើងនាប៉ុន្មានថ្ងៃខាងមុខ។
បើទោះជាពុំទាន់មានការចុះកិច្ចសន្យាផ្លូវការ ប៉ុន្តែប្រភពខាងលើជឿថា អតីតកីឡាករសញ្ជាតិអេស្ប៉ាញនឹងធ្វើដំណើរទៅកាន់ទឹកដី Emirates នាប៉ុន្មានថ្ងៃទៀតនេះ ដើម្បីជំនួសតំណែង Wenger។
Arteta បច្ចុប្បន្នជាជំនួយការរបស់លោក Pep Guardiola នៅក្លឹប Manchester City និងជាផ្នែកមួយដ៏សំខាន់ក្នុងការរៀបចំក្លឹបរបស់មហាសេដ្ឋីប្រេងរបស់ប្រទេសអារ៉ាប់រួមឱ្យទទួលបានជោគជ័យក្នុងក្របខ័ណ្ឌ Premier League រដូវកាលនេះ។ ដោយឡែក នាយកប្រតិបត្តិក្រុមកាំភ្លើងធំជឿយ៉ាងមុតមាំថា Arteta វ័យ៣៦ឆ្នាំនឹងក្លាយជាគ្រូបង្វឹកវ័យក្មេងដែលនឹងអាចបង្កើតរចនាសម្ព័ន្ធបាល់ទាត់អឺរ៉ុបសម័យទំនើបផងដែរ។
Arteta បានចាកចេញពី Arsenal នៅពេលចូលនិវត្តន៍កាលពីឆ្នាំ ២០១៦ ដោយបានបង្ហាញខ្លួនចំនួន ១៥០ ប្រកួត ទាត់បញ្ចូលទីបាន ១៦ គ្រាប់ អំឡុងពេលលេងបាន៤រដូវកាលនៅឯកីឡដ្ឋាន Emirates៕