ក្រុម​បិសាច​ក្រហម ​Manchester United បាន​វាយ​បក​យក​ឈ្នះ​ក្រុម​គូ​ប្រជែង ​Manchester City ៣​ទល់​២​ក្នុង​ការ​ប្រកួត Premier League ខណៈ​ដែល​ជ័យជម្នះ​នេះ​ពន្យារ​ពេល​លើក​ពាន​របស់​ Man City បន្ត​ទៀត។

នៅ​វគ្គ​ទី​១​ក្រុម​ម្ចាស់​ផ្ទះ ​Man City ពិត​លេង​បាន​ល្អ​បំផុត​ដោយ​រក​បាន​២​គ្រាប់​នាំ​មុខ​ ដោយ​កីឡាករ​ខ្សែ​ការពារ​ប្រធាន​ក្រុម​ Vincent Kompany នៅ​នាទី​២៥​ហើយ​ Gundogan រក​បាន​គ្រាប់​នាំ​មុខ​ទី​២​បន្ថែម​ទៀត​នៅ​នាទី​៣០។ ​នា​ទី​ដែល​នៅ​សល់ ​ក្នុង​វគ្គ​ទី​១​ក្រុម​ម្ចាស់​ផ្ទះ​ បាន​វាយ​សម្រុក​ខ្លាំង​ឡើង​ៗ​ពិសេស​ពី​ការ​ទាត់​របស់​ Raheem Sterling ប៉ុន្តែ​មិន​បាន​សម្រេច​ហើយ​លទ្ធផល​នាំ​មុខ​នេះ​បន្ត​ដល់​ចប់​វគ្គ​ទី១។

ចូល​វគ្គ​ទី​២​ក្រុម ​Man United ហាក់​រៀប​ទម្រង់​ត្រូវ​ឡើង​វិញ​ក៏ ​វាយ​បក​វិញ​ដល់​ទៅ​៣​គ្រាប់​ផ្ទួនៗ​ដោយ​កីឡាករ​ខ្សែ​បម្រើ Paul Pogba ២​គ្រាប់​ម្នាក់​ឯង​នៅ​នាទី​៥៣​ និង​នាទី​៥៥​ ខណៈ​ខ្សែ​ការពារ​ Chris Smalling បន្ថែម​គ្រាប់​ជ័យជម្នះ​នៅ​នាទី​៦៩។​ ក្រុម​ទាំង​ពីរ​ធ្វើ​ការ​វាយ​សម្រុក​គ្នា​ទៅ​វិញ​ទៅ​មុខ​រហូត​ដល់​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ញឹក​ញាប់​រហូត​អាជ្ញាកណ្ដាល​ចាយ​កាត​លឿង​មិន​ចេះ​តិច។ ការ​ប្រកួត​កាន់​តែ​តានតឹង​ខ្លាំង​ឡើង​ហើយ​ City វាយ​សម្រុក​កាន់​តែ​ខ្លាំង​ ប៉ុន្តែ​មិន​អាច​រក​គ្រាប់​បាល់​បាន​បន្ថែម​ទៀត​នោះ​ទេ។

ចប់​ការ​ប្រកួត​ Manchester City ២​Manchester United​៣​ដែល​លទ្ធផល​នេះ​ក្រុម​លោក​​Pep ត្រូវ​រង​ចាំ​អ៊ុត​ការ​ប្រកួត​ក្រោយ​ៗ​ទៀត​ដើម្បី​លើក​ពាន​ Premier League​ខណៈ​ Manchester United បាន​សម្រេច​គោល​បំណង​ពន្យារ​ពេល​របស់​ខ្លួន​ហើយ៕

 

[youtube id=”5Xd636PtiIo”]