លោកប្រធានក្លឹប Real Madrid លោក Florentino Perez កាលពីម្សិលមិញបាននិយាយថា លោកមិនបានរំពឹងទុកថា លោក Zinedine Zidane នឹងលាលែងពីតំណែងជាអ្នកចាត់ការក្លឹបឡើយ។
ក្នុងសន្និសីទឥតព្រាងទុកថ្ងៃនេះ លោក Perez បាននិយាយថា លោកភ្ញាក់ផ្អើលក្រោយ Zidane ប្រាប់ខ្លួនថាលោកចង់លាលែងពីតំណែង ក្រោយទើបឈ្នះ Champions League កាលពីពេលថ្មីៗនេះ។ ប្រធានក្លឹបរូបនេះ បានឲ្យដឹងថាខ្លួនបានព្យាយាមបញ្ចុះបញ្ចូលអ្នកចាត់ការសញ្ជាតិបារាំងឲ្យគិតឡើងវិញ តែនៅតែមិនបានសម្រេច។
លោក Perez និយាយ៖ “ក្រោយឈ្នះ Champions League ខ្ញុំមិនបានរំពឹងទុកថា Zidane នឹងសម្រេចចិត្តបែបនេះឡើយ។ គេដឹងច្បាស់ថា ខ្ញុំស្រលាញ់ និងគាំទ្រគេប៉ុណ្ណា”។ យ៉ាងណាក្តីមហាសេដ្ឋីរូបនេះសង្ឃឹមថា លោក Zidane នឹងត្រលប់មកដឹកនាំក្លឹបនាពេលអនាគត។