ពានរង្វាន់បាល់ទាត់កម្រិតពិភពលោក 2017 FIFA World Cup ដែលកំពុងរៀបចំនៅប្រទេសកូរ៉េខាងត្បូង កំពុងប្រកួតដំណាក់កាលវគ្គ៨ក្រុមចុងក្រោយនៅឡើយ ខណៈក្រុមអ៊ុយរ៉ាហ្គាយ និង វេណេហ្សូអេឡា ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រមុន ក្រោយយកឈ្នះគូប្រកួតនៅល្ងាចថ្ងៃអាទិត្យម្សិលមិញ។
មុនឡើងដល់វគ្គ៤ក្រុមចុងក្រោយនេះក្រុមអ៊ុយរ៉ាហ្គាយ ដែលជាជើងខ្លាំងមកពីតំបន់ទ្វីបអាមេរិកខាងត្បូង បានយកឈ្នះលើក្រុមព័រទុយហ្គាល មកពីទ្វីបអឺរ៉ុបដោយបាល់ប៉េណាំងទីកាត់សេចក្តី៥ទល់៤ ក្រោយប្រកួតគ្នា១២០នាទីស្មើ ២ទល់២ លើទីលានកីឡដ្ឋាន Daejeon World Cup Stadium។ ចំណែកក្រុមវេណហ្សូអេឡា វិញបានយកឈ្នះលើក្រុមសហរដ្ឋអាមេរិក ២ទល់១ លើទីលានកីឡដ្ឋាន Jeonju World Cup Stadium។
ចំណែកវគ្គ៨ក្រុមចុងក្រោយនៅល្ងាចថ្ងៃច័ន្ទ ទី៥ ខែឧសភា ឆ្នាំ២០១៧ នេះនឹងបន្តកាត់សេចក្តីស្វែងរក២ក្រុមថែមទៀតឡើងទៅលេងវគ្គជុំបន្ទាប់ដោយក្រុមយក្សអឺរ៉ុប អ៊ីតាលី ប៉ះក្រុមខ្លាំងមកពីទ្វីបអាហ្វ្រិកហ្ស៊ីមបាវេ ដែលយកឈ្នះអាល្លឺម៉ង់ ក្នុងវគ្គ១៦ក្រុមចុងក្រោយកន្លងទៅ នៅវេលាម៉ោង៣រសៀល (ម៉ោងនៅកម្ពុជា) ខណៈមួយគូទៀតក្រុមម៉ិចស៊ីកូ ជួបក្រុមអង់គ្លេស នៅម៉ោង៦ល្ងាច (ម៉ោងនៅកម្ពុជា)។
ពានរង្វាន់កម្រិតជើងឯកពិភពលោក សម្រាប់យុវជននេះមានក្រុមជើងខ្លាំងតំណាងឱ្យទ្វីបទាំង៦ចំនួន៤៦ក្រុម ដោយបែងចែកជា៦ពូល ចាប់ប្រកួតពីថ្ងៃទី ២០ ខែឧសភា ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧ ខណៈម្ចាស់ផ្ទះកូរ៉េខាងត្បូង ប្រើប្រាស់ទីក្រុងចំនួន៦ដើម្បីរៀបចំព្រឹត្តិការណ៍នេះ៕