អតីតគ្រូបង្វឹក Manchester United លោក Louis van Gaal បានទម្លាយថាលោកធ្លាប់អន្ទងខ្សែប្រយុទ្ធរបស់ក្លឹបយក្សអាល្លឺម៉ង់កីឡាករ Robert Lewandowski មកលេងនៅ Old Trafford កាលដឹកនាំ Manchester United ។
ខ្សែប្រយុទ្ធប្រធានក្រុមជម្រើសជាតិប៉ូឡូញ ត្រូវបានគេចាត់ទុកថាជាខ្សែប្រយុទ្ធកំពូលរកគ្រាប់បាល់ម្នាក់ ក្នុងចំណោមកីឡាករខ្លាំងៗនៅតំបន់អឺរ៉ុប ហើយគាត់រកបាន១៤២គ្រាប់ហើយក្នុងចំណោម១៨៣ប្រកួតឲ្យ Bayern Munich។
រូបគេលេងឲ្យ Bayern Munich ៤ឆ្នាំហើយគិតមកដល់ពេលនេះក្រោយចាកចេញពីក្រុម Borussia Dortmund។ ចំណែកលោក Van Gaal បានចាត់ទុក Lewandownski គឺជាខ្សែប្រយុទ្ធល្អបំផុតក្នុងពិភពលោកហើយទម្លាយថា ព្យាយាមនាំយកតារាបាល់ទាត់កំពូលស៊ុតរូបនេះមក Old Trafford។
“បច្ចុប្បន្នគាត់ជាខ្សែប្រយុទ្ធល្អបំផុតក្នុងពិភពលោក។ ខ្ញុំចង់បង្វឹក Lewandownski ហើយចង់បានមកលេងនៅ Manchester United” Van Gaal និយាយក្នុងកាសែត Bild។
“តម្លៃមិនមែនជាបញ្ហាទេសម្រាប់ Manchester United ប៉ុន្តែ Bayern Munich មិនចង់ឲ្យគាត់ចាកចេញ”។
Van Gaal មកដល់ Manchester United កាលពីឆ្នាំ២០១៤ក្រោយចាកចេញពីដំណែងគ្រូបង្វឹកជម្រើសជាតិហូឡង់។ ចុងក្រោយបំផុតគាត់ដឹកនាំ Manchester United ឈ្នះពាន FA Cup ក្រោយឈ្នះ Crystal Palace នៅកីឡដ្ឋាន Wembley ហើយក្រោយមកលោកក៏ចាកចេញដោយឲ្យលោក Jose Mourinho មកជំនួស៕