ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ប្រេស៊ីល​រូប​នេះ ​បាន​បង្ហាញ​ទម្រង់​យ៉ាង​ល្អ​ គួរ​អោយ​ភ្ញាក់​ផ្អើល​ ពេល​ប៉ះ ​Barcelona ​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅដោយ​ស៊ុត​បញ្ចូល​ទី​បាន​១​គ្រាប់​និង​ ស៊ុត​បុក​បង្គោល​ទី​២​ដង​ តែ​មិន​អាច​ជួយ​អោយ ​Chelsea ​ទទួល​បាន​ជ័យជម្នះ​នោះ​ទេ​។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សាមីខ្លួន​នៅ​តែ​មាន​ក្ដី​សង្ឃឹម​ក្នុង​ការ​ប្រកួត​ជើង​ទី​២​នឹង​ព្យាយាម​ស៊ុត​ទម្លាក់​ក្រុម​ Barcelona ឲ្យ​បាន។​Chelsea ​នៅ​សល់​តែ​ពាន​ Champion Leage ​និង ​FA Cup​ ប៉ុណ្ណោះ​ដែល​នៅ​មាន​សង្ឃឹម​តាម​ដណ្ដើម​ ខណៈ​ក្នុង​លីក​Premier League​ ត្រូវ​បាន​ក្រុម​មេឃ​ខៀវ ​Manchester City​កក់​ពាន​យក​ទៅ​បាត់​ហើយ​។

ការ​ប្រកួត​នៅ​ទឹកដី ​Camp Nou​នា​ខែ​ក្រោយ​នេះ​នឹង​ក្លាយ​ជា​ការ​ប្រកួត​ដ៏​សំខាន់​បំផុត​មួយ ដើម្បី​កំណត់​វាសនា​របស់​Chelsea​ ក្នុង​រដូវ​កាល​នេះ​ ព្រោះ​ជា​ពាន​ចុង​ក្រោយ​ដែល​នៅ​សេស​សល់។ តាំង​ពី​ដើម​រដូវកាល​មក​ លោក​Conte ​មិន​សូវ​ទុក​ចិត្ត​លើ Willian ប៉ុន្មាន​ទេ​ និង​បាន​ដាក់​គេ​ឲ្យ​អង្គុយ​កៅអី​បម្រុង​ជា​ច្រើន​ដង​ ដោយ​លោក​ពេញ​ចិត្ត ​និង​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង ​Alvaro Morata​ជាង។ តែ​សំណាង​មិន​ល្អ​Morata ​បាន​ធ្លាក់​ទម្រង់​លេង​និង​មាន​របួស​ញាំញី​ជា​ប្រចាំ​ ជា​ឱកាស​ដែល Willian​ អាច​បញ្ចេញ​សមត្ថភាព​នៅ​លើ​ទីលាន​បាន​។

Willian ​នឹង​ក្លាយ​ជា​ខ្សែ​ប្រយុទ្ធ​សំខាន់​ជាង​គេ​នៅ​ក្នុង​ការ​ប្រកួត​ធំ​ៗ​បី​ខាង​មុខ​ ដែល ​Chelsea ​ត្រូវ​ប៉ះ​ជាមួយ ​Man U​, Man City ក្នុង​លីគ​ និង​ Barcelonaនៅ​ទឹក​ដី ​Camp Nou។​Willian ​បាន​និយាយ​ថា៖”

” ខ្ញុំ​តែងតែ​ត្រៀម​ខ្លួន​រួចរាល់ និង​ស៊ុត​បញ្ចូល​ទី​។ ខ្ញុំ​គិត​ថា​ គ្រាប់​បាល់ hat-trick​ជិត​នឹង​កើត​ឡើង​ហើយ​។​ ខ្ញុំ​ប៊ិះ​តែ​និង​ស៊ុត​បាន​hat-trickទៅ​លើ​ក្រុម​ Hull City(ក្នុង​ពាន​FA Cup) និង ​Barcelona​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ។ ប្រហែល​មក​ពី​យើង​ពុំ​មាន​សំណាង​គ្រប់​គ្រាន់”​៕

Source: Mirror.uk