វីរបុរស​ក្រុម​កាំភ្លើងធំ ​Arsenal គឺ Thierry Henry​ បាន​ព្យាយាម​ដាក់​សម្ពាធ​ឲ្យ​អ្នក​ចាត់​ការ​សញ្ជាតិ​បារាំង​លោក Arsene Wennger​ ចាក​ចេញ​ពី​ក្លឹប​ដោយ​សារ​តែ Henry​ ខ្លួន​ឯង​ផ្ទាល់​ក៏​មាន​បំណង​ចង់​ធ្វើ​ជា​គ្រូ​បង្វឹក​របស់​ក្រុម​កាំភ្លើង​ធំ​ដែរ​។

តំណែង​របស់​ Wenger​ នៅ ​Arsenal​ ពេល​នេះ​កាន់​តែ​ក្ដៅ​បន្ទាប់​ពី​ចាញ់​ពាន​ Carabao Cup ​កាល​ពី​យប់​មិញ ​ទៅ​លើ​ដៃ​ក្រុម​Manchester City​ និង​កំពុង​ប្រឈម​ទៅ​និង​ការ​អត់​កៅអី Champion League ​លេង​នៅ​ឆ្នាំ​ក្រោយ​ទៀត។​ នៅ​ក្នុង​លីក​ Arsenal  ​កំពុង​ឈរ​លេខ​៦​ មាន​៤៥​ពិន្ទុ​ តាម​ពី​ក្រោយ​ក្រុម​លេខ​៥​ Chelsea ​ដល់​ទៅ​៨​ពិន្ទុ​។ ខណៈ​ពេល​នេះ​ លោក​Wenger  ​នៅ​សល់​កុង​ត្រា​តែ​មួយ​ឆ្នាំ​ទៀត​ប៉ុណ្ណោះ ​ជាមួយ​ក្លឹប​ ហើយ​ការ​សម្រេច​ចិត្ត​ទុក​គាត់​បន្ត​ ឬ​ បញ្ចប់​ទំនាក់​ជាមួយ​គ្នា​ នឹង​ត្រូវ​ប្រកាស​ឲ្យ​ដឹង​នៅ​ពេល​ចប់​រដូវ​កាល​នេះ​ហើយ​។

ចំពោះ​ Thiery Henry​ សព្វថ្ងៃ​គាត់​ជា​ជំនួយ​ការ​គ្រូ​បង្វឹក​នៃ​ក្រុម​ជម្រើស​ជាតិ​បែលហ្សិក​ គឺ​លោក​ Roberto Martinez។ នៅ​ពេល​ដែល​ត្រូវ​បាន​អ្នក​កាសែត​ Sky Sports ​ចោទ​សួរ​ថា​ តើ​លោក​ (Henry) ​មាន​ចំណាប់​អារម្មណ៍​ចង់​ក្លាយ​ជា​អ្នក​ចាត់​ការ​របស់ Arsenal​ដែរ​ឬ​ទេ?​ គាត់​បាន​ឆ្លើយ​តប​មក​វិញ​ថា៖

” ស្ដាប់​ណា!​ ខ្ញុំ​មាន​ការងារ​របស់​ខ្ញុំ​ជាមួយ​ជម្រើស​ជាតិ​ប៊ែលហ្សិក​ហើយ​តែ​រឿង​ធ្វើ​ជា​អ្នក​ចាត់​ការ​Arsenal ​គឺ​តែងតែ​ជា​ក្ដី​សុបិន​របស់​ខ្ញុំ។ ពិត​ប្រាកដ​ណាស់​ ខ្ញុំ​ពិត​ជា​ចាប់​អារម្មណ៍​ រឿង​អី​ដែល​ថា​វា​មិន​អាច​ទៅ​រួច​នោះ​! ប៉ុន្ដែ​ខ្ញុំ​ត្រូវ​តែ​គោរព​ដល់​លោក​Wenger ដែល​ជា​គ្រូ​បង្វឹក​នៅ​ឡើយ​”៕