អ្នក​គាំទ្រ​ក្រុម​តោខៀវ ​Chelsea​ ជា​ច្រើន​មាន​ការ​ខក​ចិត្ត​ជា​ខ្លាំង​ទៅ​និង​អាជ្ញាកណ្ដាល​ខ្សែ​បន្ទាត់​ ដែល​បាន​លើក​ទង់​Offsideនៅ​ពេល​ដែល​ Alvaro Morata ​បាន​ស៊ុត​គ្រាប់​បាល់​ទី​២​ តាម​ស្មើ​ក្រុម ​Man Utd។

ការ​ប្រកួត​កាល​ពី​យប់មិញ​ ក្រុម​ភ្ញៀវ​ Chelsea​បាន​បើក​ការ​នាំ​មុខ​មុន​ដោយ​ថ្វី​ជើង​របស់  Willian ​នៅ​នាទី​៣២​ តែ​ត្រូវ​បាន​Romelu Lukaku តាម​ស្មើ​មក​វិញ​នៅ​ប៉ុន្មាន​នាទី​បន្ទាប់។ ចូល​ដល់​វគ្គ​ទី​២ ​Chelsea​ បាន​ព្យាយាម​សម្រុក​បន្ត​ទៀត​តែ​មិន​អាច​បំបែក​ក្បួន​ឡាន​ក្រុង​របស់​លោក​ Mourinho ​បាន។

កីឡាករ​ដែល​តែង​តែ​នាំ​សំណាង​ដល់​បិសាច​ក្រហម​គឺ Jesse Lingard ​បាន​ស្វែង​រក​គ្រាប់​ជ័យជម្នះ​នៅ​នាទី​៧៥ ​គឺ​ក្រោយ​ប្ដូរ​ចូល​តែ​ប្រហែល​១០​នាទី​ប៉ុណ្ណោះ។ ក្ដី​សង្ឃឹម​តាម​ស្មើ​របស់​ក្រុម​លោក​Conte ​ត្រូវ​បាន​រលាយ​ដូច​អំបិល​ត្រូវ​ទឹក​ ក្រោយ​ពី​អាជ្ញាកណ្ដាល​បាន​លើក​ទង់ Offside ​ពេល​ Morata ​ស៊ុត​ចូល​នៅ​នាទី​៨៦។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ អ្នក​ទស្សនា​ការ​ប្រកួត​បាន​មើល​ឃើញ​ថា​ Morata ​ស្ថិត​ក្នុង​ជំហរ​ Onside ​មិនមែន Offside​ ទេ  ដូច្នេះ​ការ​ចាប់​នេះ​ពិត​ជា​ខុស​។ អ្នក​គាំទ្រ​ Chelsea ​គិត​ថា​ ក្រុម​របស់​ខ្លួន​ត្រូវ​បាន​គេ​ប្លន់​យក​ពិន្ទុ​ស្រស់​ៗ​ហើយ​បាន​ទាមទារ​ឲ្យ​មាន​ការ​ដាក់​អាជ្ញា​កណ្ដាល​ជំនួយ ​VAR សម្រាប់​កាត់​ក្ដី​នៅ​ប្រកួត​ក្រោយៗ៕

Metro.co.uk