តារារបស់ Real Madrid កីឡាករ Cristiano Ronaldo នៅតែជាកីឡាករកំពូលក្នុងពិភពបាល់ទាត់បច្ចុប្បន្ន ប៉ុន្តែគាត់បានបញ្ជាក់ថា វាចាប់ផ្ដើមពិបាកបន្តិចម្ដងៗហើយនោះពេលនេះ។
ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់មិនអាចរក្សាទម្រង់លេងដល់កម្រិតកំពូលរបស់ខ្លួននៅរដូវកាលនេះទេ ខណៈគាត់ក៏មិនច្បាស់ពីអនាគតនៅ Real Madrid ផងនោះ។ ក្រោយរកបានគ្រាប់បាល់បានតិចក្នុង La liga រដូវកាលនេះ ទម្រង់លេងរបស់គាត់គឺជាផ្នែកមួយនៃមូលហេតុជាច្រើនដែល Real Madrid ថមថយឥទ្ធិពលក្នុងប្រទេសអេស្ប៉ាញ។
និយាយក្នុងកាសែត Daily Mail, Ronaldo បានវិភាគពីកាយសម្បទារបស់គាត់ពេលនេះថា មិនអាចធ្វើអ្វីៗដែលគាត់ធ្លាប់បានកាលពី១០ឆ្នាំមុននោះទេ។
“ ជីវិតគឺនៅតែបន្តប្រជែងគ្រប់យ៉ាង គ្រប់ស្ថានការណ៍។ វាពិតជាគួរឲ្យចាប់អារម្មណ៍ណាស់ ពិសេសសម្រាប់អ្នកកីឡា។ ខ្ញុំព្យាយាមរក្សាកម្លាំងកាយសម្បទា ឲ្យនៅកម្រិតកំពូលពីព្រោះវាសំខាន់សម្រាប់អាជីពរបស់ខ្ញុំ។ ”
” ខ្ញុំត្រូវតែពេញ១០០% និងរក្សាវាឲ្យជាប់លាប់។ ពេលនេះខ្ញុំមិនអាចធ្វើរឿងដូចដែលខ្ញុំធ្លាប់បានធ្វើការពី១០ឆ្នាំមុននោះទេ ។ ដើម្បីរក្សាខ្លួនឲ្យនៅកម្រិតនេះ អ្នកត្រូវតែធ្វើការលះបង់។ ខ្ញុំមិនអាចធ្វើអ្វីបានជាក់លាក់ដូច ដែលខ្ញុំធ្លាប់បានធ្វើកាលពីខ្ញុំនៅវ័យ២០ឆ្នាំ។ យើងត្រូវតែរកតុល្យភាពជានិច្ច សូម្បីតែចំណុចតូចៗក៏ត្រូវតែលម្អិតដែរ”៕